ក្រសួង​សុខាភិបាល​ អះអាងថា​ ស្ដ្រីអនិកជនខ្មែរ-អាមេរិកកាំងកំពុងដាក់ធ្វេីចត្តាឡីស័ក​នៅខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា​៖លោកជួន​ បូណា​


MC៖ក្រសួង​សុខាភិបាល​ អះអាងថា​ ស្ដ្រីអនិកជនខ្មែរ-អាមេរិកកាំងកំពុងដាក់ធ្វេីចត្តាឡីស័ក​នៅខេត្តកំពង់ចាមចំនួន១៤ថ្ងៃ​​ និងមានការតាមដានពីអាជ្ញាធរខេត្ដយ៉ាងចិត្ដទុកដាក់បំផុត​ បន្ទាប់ពី​​រត់គេចវេសធ្វេីចត្តាឡីស័ក។

លោកជំទាវ​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ មានប្រសាសន៍ថា​ ស្ត្រីអនិកជនខ្មែរ-អាមេរិកកាំងដែលកំពុងសង្ស័យមានការឆ្លងជំងឺកូវីដ១៩​ ត្រូវបានដាក់ធ្វេីចត្តាឡីស័កនៅខេត្តកំពង់ចាមចំនួន១៤ថ្ងៃ​​ នៅក្នុងសណ្ឋាគារមួយដែលបានរៀបចំឡេីងដោយអាជ្ញាធរខេត្ត។
លោកជំទាវ​បានបញ្ជាក់ថា​​ ដោយសាតែមានការគេចវេសក្នុងការធ្វេីតេស្តរកវីរុសកូវីដ-១៩​ ក្រសួង​បានធ្វើការអប់រំណែនាំពួកគាត់​ ដេីម្បីព្រមព្រៀងធ្វេីតេស្ត​ និងតាមដានសុខភាពបន្ត។
លោកជំទាវ​បញ្ជាក់ទៀតថា​ ករណីស្រ្តីដែលបានចាក​ចេញពីកន្លែងធ្វេីចត្តាឡីស័ក​ ដោយមិនបានស្នេីសុំត្រឹមត្រូវ​ ដែលជាទង្វេីលួចចេញដោយមិនគោរពតាមវិធានការចត្តាឡីស័កសម្រាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានការរាតត្បាតជំងឺឆ្លងជាអន្តរជាតិនេះ​ ទាមទារពេលវេលាបន្តិចសិន​ ដេីម្បីក្រុមការងារ​ថ្នាក់ក្រោមជាតិដែលមានអាជ្ញាធរខេត្តដឹកនាំ​ កំពុងធ្វេីការងារបន្តទៀតសិន។
លោកជំទាវ​បន្តថា​ ក្រសួងបានត្រៀមលក្ខណ:ជួយសម្របសម្រួលអនុវត្តវិធានការត្រួតពិនិត្យសុខភាព​ជូនដល់អ្នកដំណេីរទាំងអស់ដែលត្រូវចូលមកកម្ពុជា​ ជាប់​ជា​ប្រចាំ​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៅក្នុងប្រទេស​ និងសហគមន៍​។
លោកជំទាវ​អំពាវនា​វឱ្យប្រជាពលរដ្ឋទាំងអស់អនុវត្តវិធានការសុខាភិបាលនិងការការពារការចម្លងវីរុសកូវីដ-១៩​ ឲ្យបានខ្ជាប់ខ្ជួន​ កុំភ្លេចខ្លួនឲ្យសោះថា​ កូវីដ-១៩​ កំពុងតែនៅចរាចររាតត្បាតពាសពេញសាកលលោកយ៉ាងក្លាំងក្លានៅឡេីយទេ​។
សូមបញ្ជាក់ថា​ ក្រសួងសុខាភិបាលមិនទាន់មានវិធានការណាមួយចំពោះ បុគ្គលដែលមិនគោរព​ និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល​ ឫរត់គេចវេស ពីការអនុវត្តវិធានការនេះ​ ដោយចេតនា​ ឫអចេតនាក្តី​ នឹងត្រូវទទួលទោស​ ឫទទួលការផាកពិន័យ​ ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា​ ដូចជាអនុក្រឹត្យលេខ១២៩​ អនក្រ.បក​ ចុះថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៥​ ស្តីពី​ វិធានការសុខាភិបាលដេីម្បីទប់ស្កាត់និងឆ្លេីយតបការឆ្លងរាលដាលជាអន្តរជាតិ​នៃជំងឺនៅតាមច្រកចេញចូល​ ជាដេីម៕