ពលរដ្ឋ​កម្ពុជា​ចំនួន ១៤៣​នាក់ នៅ​ប្រទេស​រុស្សី និង​អេ​ហ្ស៊ី​ប បាន​ត្រលប់​មកដល់​មាតុប្រទេស​វិញ

AKP ភ្នំពេញ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ —

​ពលរដ្ឋ​កម្ពុជា​សរុប​ចំនួន ១៤៣​នាក់ ដែល​ក្នុងនោះ​រួមមាន សិក្ខាកាម​យោធា ៩៨​នាក់ និស្សិត ០១​នាក់ និង​ពលរដ្ឋ​ជាប់គាំង ០១​នាក់ មកពី​ប្រទេស​រុស្ស៊ី ព្រមទាំង​និស្សិត ៤៣​នាក់ មកពី​ប្រទេស​អេ​ហ្ស៊ី​ប បាន​មកដល់​មាតុប្រទេស​វិញ នា​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ឆ្លងកាត់​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។​

​ឯកឧត្តម ចឺ​យ វិ​ចិត្ត ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ម៉ាឡេស៊ី បានឱ្យដឹងថា ការធ្វើ​មាតុភូមិនិវត្តន៍​នេះ ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​ស្ថានទូត​កម្ពុជា​ប្រចាំ​សហព័ន្ធរុស្ស៊ី និង​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប ដោយ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ជា​អ្នក​ជួយ​សម្របសម្រួល និង​រៀបចំ​ជើងយន្តហោះ​ត​ភ្ជាប់​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ ទៅ​រាជធានី​ភ្នំពេញ​។ សិក្ខាកាម​យោធា និង​និស្សិត​ទាំងនេះ មួយចំនួន​បានបញ្ចប់​ការសិក្សា មួយចំនួន​ត្រូវ​ទៅធ្វើ​កម្មសិក្សា​នៅ​ប្រទេស​កម្ពុជា ហើយ​មួយ ចំនួន​ត្រូវ​សម្រាក​វិស្សមកាល​រយៈពេល​យូរ​។​

​ក្នុងឱកាស​ជូន​ដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ឯកឧត្ដម ឯកអគ្គរាជទូត​បាន​នាំយក​ម៉ាស់ និង​ទឹក​អាល់កុល​អនាម័យ ចែកជូន​ក្រុមនិស្សិត​ទាំងអស់ និង​បាន​រំលឹក​ឱ្យ​ប្រុងប្រយ័ត្ន​ក្នុងការ​ការពារ និង​បង្ការ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

​ឯកឧត្ដម បាន​ជម្រាប​អំពី​ការយកចិត្តទុកដាក់ និង​ការគិតគូរ​ពី​សុខទុក្ខ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ផ្ទាល់ និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដល់​និស្សិត​ទាំងអស់ ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែល​កំពុង​ជាប់គាំង​នៅ​បរទេស ដោយសារ​ការបិទ​ជើងយន្តហោះ ដែល​បង្កឡើង​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​

​គិត​ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ រហូតមកដល់​ពេលនេះ ស្ថាន​ឯកអគ្គ​ទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សម្របសម្រួល និង​ជួយ​រៀបចំ​ការវិលត្រឡប់រ​បស់​ប្រជាពលរដ្ឋ ពលករ​-​ពល​ការិនី និង​សិស្ស​-​និស្សិត រួមទាំង​ពលរដ្ឋ​កម្ពុជា​ជាប់ឃុំ​ឃាំង​បាន​ចំនួន​៧​លើក សរុប​មាន ចំនួន​៨៩៨​នាក់ ដែល​ក្នុង​នោះបាន​សហការ​បញ្ជូន​ពលរដ្ឋ​កម្ពុជា​ជាប់ឃុំ​ឃាំង​ចំនួន ១៣២​នាក់​៕ ​ដោយ នី​កា​