លោក យី វាសនា នាំយកមេដាយបច្ចាមរណៈជូនសពលោកគ្រូបង្វឹកហែលទឹក ហែម លំផាត់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកមេដាយបច្ចាមរណៈជូនសពលោកគ្រូបង្វឹកហែលទឹក ហែម លំផាត់ ។ 

លោក យី វាសនា បានមានប្រសាសន៍ថា ថ្ងៃនេះលោកបាននាំយកមេដាយកិតិ្តយសមេដាយបច្ចាមរណៈ ដែលផ្ដល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ថវិកា ចំនួន ២លាន រៀល ជូនដល់សពលោកគ្រូ ហែម លំផាត់ ជាគ្រូបង្វឹកហែលទឹកកីជម្រើស ជាតិនិងជាគ្រូហែលទឹកជម្រើសជាតិជនពិការរបស់សហព័ន្ធខ្មែរកីឡាហែលទឹកមានស្នាដៃជូនជាតិក្នុងការបង្ហាត់ផ្ទាល់ដល់អត្តពលិកជម្រើសជាតិប៉ារ៉ាឡាំពិកកម្ពុជា ។ 

លោកអគ្គលេខាបានបន្តថា ក្នុងការដឹងនាំកន្លងមករបស់លោកគ្រូហែម លំផាត់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាទទួលបានមេដាយផ្នែកហែលទឹកសរុបមេដាយចំនួន៩គ្រឿង រួមមានមាស០១ គ្រឿង ប្រាក់ ០២ គ្រឿង និងសំរឹទ្ធិ ០៦ គ្រឿង ៕