ស្រុកជីក្រែងកែប្រែតំបន់អភិរក្សពូជឈើធ្នង់ទៅជារមណីដ្ឋានទេសចរណ៍ធម្មជាតិ

វិទ្យុជាតិកម្ពុជា៖ លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប
MC.ដើម្បីអភិរក្សនិងទប់ស្កាត់ការកាប់ទន្រ្ទាន តំបន់អភិរក្សពូជឈើធ្នងនិងឈើចម្រុះនានាពីសំណាក់ជនខិលខូចមួយចំនួន រដ្ឋបាលស្រុកជីក្រែង សហការជាមួយមន្ទីរបរិស្ថានខេត្ត និងប្រជាពលរដ្ឋ កំពុងរៀបចំ កែប្រែទីតាំងនេះឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិមួយ មានភាពទាក់ទាញភ្ញៀវទេសចរមកទស្សនាកំសាន្តនាពេលឆាប់ៗនេះ។

លោកធូ ចន្ថុល អភិបាលរងនៃគណៈអភិបាលស្រុកជីក្រែងខេត្រសៀមរាបបានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះថា តំបន់អភិរក្សពូជឈើធ្នង់ និងដើមឈើចម្រុះនានា មានផ្ទៃដីគ្របដណ្តប់ចំនួនជាង២០០ហិកតា ដែលទីនោះសុទ្ធសឹងតែជាតំបន់ជួរភ្នំ វត្តអារាមជាទីសក្ការៈបូជា តំបន់ទឹកជប់ ដែលមិនចេះរីងស្ងួត និងអមទៅដោយធម្មធានធម្មជាតិនានា គួរជាទីគយគុនរបស់ភ្ញៀវទេសចរជាច្រើនកន្លែងផងដែរ។លោកបន្តថា ដោយមើលឃើញពីសក្តានុពល និងដើម្បីទប់ស្កាត់ការលួចកាប់ទន្រ្ទានព្រៃឈើ ពីសំណាក់ជនខិលខូចផងនោះ រដ្ឋបាលស្រុក សហការជាមួយស្ថាប័ន ពាក់ព័ន្ធ គ្រោងនិងក្រែប្រែទីតាំងនេះ ឲ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិនានាពេលឆាប់ៗខាងមុខ។


សំឡេង៖ខ្ញុំសូមជម្រាបអំពីស្ថានភាពនៅតំបន់នោះ ជាតំបន់ជួរភ្នំ ព្រៃឈើ អមដោយធម្មធានធម្មជាតិគួរឲ្យទាក់ទាញ នៅតំបន់ឃុំខ្វាវហ្នឹង តែអ្វីដែលជាចំណុចចាប់ផ្តើម គឺផ្លូវចូលសិន ពីផ្លូវជាតិលេខ៦ ពីកំពង់ក្តីទៅ ដល់ទីប្រជុំជនឃុំខ្វាវ ៤០គីឡូ ចាប់ពីទីប្រជុំជនខ្វាវដល់វត្តពើងបាក់រទះ ជាទីសក្ការៈបូជា បែបសាសនាយើង គឺ១៤គីឡូម៉ែត្រ រដ្ឋបាលស្រុកនិងគ្រោងធ្វើជាតំបន់ទេសចរណ៍ធម្មជាតិ មានសក្តានុពល គឺឃុំខ្វាវមានភ្នំខ្សាក់ មានទេសភាពជួរភ្នំ និងធនធានធាន ធម្មជាតិ ទី២គឺចំការធ្នង់ មានចំនួនជាង២០០ហិកតា តែនៅសល់ជាង១៥០ហិកតា ដោយសារការអាស្រ័យផលធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ តែមិនមែនមានពូជធ្នង់តែមួយទេហើយមានតំបន់ទឹកជប់ ទឹកអត់ដែលរីងទេ មានតំបន់មួយទៀតគឺ ជើងភ្នំជាំប៉ាប មានទេសភាពគួរឲ្យទស្សនា ហើយនិងបានទៅដល់ គោលដៅរមណីដ្ឋានវត្តពើងតែម្តង ដែលជាកន្លែងសក្ការៈរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
សូមជម្រាបថា តំបន់ធនធានធម្មជាតិ ចំការពូជឈើធ្នង់និងដើមឈើចម្រុះ មានទីតាំងស្ថិតនៅចំណុចវត្តពើងបាក់រទេះ ក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចំងាយប្រមាណ៥០គីឡូម៉ែត្រពីទីរួមស្រុកជីក្រែង៕