ដែនជំរកសត្វស្លាបចម្រុះនៅសហគមន៍ព្រែកទាល់ទាក់ទាញកំណើនភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា: ដោយលោកស្រី ទុយ សូលីដា ១៧.០៧.២០២០


MC៖ ដែនជំរកសត្វស្លាបចម្រុះនៅតំបន់សហគមន៍ព្រែកទាល់ នៃខេត្តបាត់ដំបងកំពុងតែទាក់ទាញកំណើនភ្ញៀវទេសចរចូលទស្សនា ដោយសារតែសម្បូរសត្វស្លាបជាច្រើនប្រភេទ ថែមទាំងមានទេសភាពបឹងទន្លេសាបដ៏គួរគយគន់ ។ អ្នកយកព័ត៌យើងរាយការណ៍បន្ថែម………………..
លោក ទន់ ណៃ ប្រធានសហគមន៍ព្រែកទាល់ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ព្រែកទាល់គឺជាជំរកសត្វស្លាបដ៏ធំមួយ និងជាប្រភពតំណរពូជ សម្រាប់សត្វស្លាបគ្រប់ប្រភេទ ។ លោកបន្តថា ភ្ញៀវទេសចរភាគច្រើនចូលចិត្តទស្សនានៅទីនោះ បន្ទាប់ពីត្រឡប់ពីដំណើរកម្សាន្តនៅខេត្តសៀមរាប ។
សំឡេង៖ «ភ្ញៀវចូលចិត្តទៅមើលព្រលឹម ត្រជាក់ផង គាត់បានមើលថ្ងៃរះ ស្រូបខ្យល់បរិសុទ្ធរួច គាត់មើលសត្វស្លាបនៅក្នុងសំបុក។ ពេលព្រឹកឡើង នាំកូនវាចេញមករកចំណី។ ចឹងយើងបានឃើញ។ ពេលថ្ងៃវាក្ដៅបន្តិច ហើយប្រភេទសត្វហ្នឹង វាបានធ្វើសំបុកនៅហ្នឹង២៤ម៉ោង។ ពេលល្ងាចវាចូលទ្រនំវិញ វាបានហើរទៅតំបន់ឆ្ងាយៗ វាចូលសម្បុកវិញ យើងបានឃើញវារស់នៅជុំមេជុំកូនវា នៅពេលល្ងាច» (.គាត់រៀបរាប់ពីឈ្មោះសត្វ)។
លោកបន្ថែមថា ដែនជម្រកសត្វស្លាបនេះ មានចំងាយប្រមាណពី ៧ទៅ១០គីឡូម៉ែត្រ ពីភូមិបណ្ដែតទឹក របស់សហគមន៍ព្រែកទាល់ ហើយដើម្បីទៅមើលសត្វស្លាបទាំងនេះ ភ្ញៀវទេសចរ ត្រូវជួលទូកជិះពីប្រជាសហគមន៍ ដែលទូកមួយមាន តម្លៃ៤៥ដុល្លារ អាចផ្ទុកមនុស្សបានចំនួន៦នាក់ សម្រាប់ភ្ញៀវបរទេស ប៉ុន្តែសម្រាប់ភ្ញៀវទេសចរជាតិវិញ អាចជិះបានចំនួន៨នាក់ ។
សូមបញ្ជាក់ថា ព្រែកទាល់ស្ថិតនៅខាងជើងឆៀងខាងលិច នៃទីរួមខេត្តបាត់ដំបង និងមានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។
យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា តំបន់សត្វស្លាបព្រែកទាល់នេះ បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ញៀវទេសចរច្រើនជារៀងរាល់ឆ្នាំ ដោយ១ឆ្នាំៗ មានភ្ញៀវជាតិ និងអន្តរជាតិ ទៅទស្សនានៅភូមិបណ្ដែតទឹករាប់ម៉ឺននាក់។ កំណើនភ្ញៀវទេសចរដែលចូលទៅមើលស្លាបនៅទីនោះ គឺចន្លោះពីខែកក្ដដា រហូតដល់ខែកុម្ភៈ៕