មន្រ្តីជាន់ខ្ពស់អាស៊ាន ៖ ការកសាងសហគមន៍អាស៊ាននៅតែជាកត្តាអាទិភាព

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០​ — ភាពជោគជ័យក្នុងការកសាងសហគមន៍អាស៊ាន នៅតែបន្តជាកត្តាអាទិភាពកំពូលនៃប្លុកនេះ បើទោះបីជាមានការលំបាក និងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតរីករាលដាលដែលកំពុងបន្តកើតមានក៏ដោយ ក៏បណ្តាប្រទេសជាសមាជិកអាស៊ានបានបញ្ជាក់សារជាថ្មីនៅឯកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានដែលត្រូវបានគេធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេតកាលពីថ្ងៃទី ១៦ ខែកក្កដា ដែលចូលរួមជាអធិបតីដោយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ។

សមាជិកទាំងអស់បានប្តេជ្ញាសម្របសម្រួលជាមួយប្រទេសវៀតណាមដែលជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ដើម្បីអនុវត្តកត្តាអាទិភាព និងគំនិតផ្តួចផ្តើមនានាក្នុងឆ្នាំនេះ រួមមានការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ធម្មនុញ្ញអាស៊ាន និងការរៀបចំដើម្បីកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ។

ពួកគេបានស្វាគមន៍ចំពោះប្រតិបត្តិការរបស់មូលនិធិអាស៊ាន សម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ នឹងបានពិភាក្សាអំពីជំហានបន្ទាប់ដើម្បីបញ្ចប់នូវការស្តារឡើងវិញក្រោយការឆ្លងរាលដាលជំងឺរាតត្បាតនេះ។

អ្នកចូលរួមទាំងអស់បានលើកឡើងអំពីការរៀបចំប្រកបដោយជោគជ័យរបស់ប្រទេសវៀតណាមនៃវេទិកាអាស៊ានស្តីពីការអភិវឌ្ឍអនុតំបន់នៅទីក្រុងហាណូយកាលពីថ្ងៃទី ១៤ ខែកក្កដា ក្រោមប្រធានបទ «បម្លែងកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គជាមួយគោលដៅអាស៊ាន»។

ទាក់ទងនឹងទំនាក់ទំនងខាងក្រៅ អ្នកចូលរួមទាំងអស់បានលើកឡើងថា វាជាការចាំបាច់ណាស់ក្នុងការរក្សាតួនាទីស្នូលរបស់អាស៊ាន និងបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយភាពជាក់ស្តែងជាមួយដៃគូប្លុកនេះ ជាពិសេសនៅក្នុងគ្រាដ៏លំបាកនាពេលនេះ។

អាស៊ានរំពឹងថា នឹងអនុម័តផែនការសកម្មភាពចំនួន ៨ ក្នុងរយៈពេលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ជាមួយដៃគូនានាដូចជា កាណាដា ចិន ឥណ្ឌា នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ រុស្ស៊ី សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)