មន្រ្តីការទូតរវាងវៀតណាម និងចក្រភពអង់គ្លេស ចូលរួមកិច្ចពិភាក្សាតាមប្រព័ន្ធអ៊ីនធើណេត

AKP ភ្នំពេញ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី១៦ ខែកក្កដា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក To Anh Dung បានជួបពិភាក្សាតាមប្រព័ន្ធអ៊ិនធើណេតជាមួយលោក Nigel Adams រដ្ឋមន្រ្តីក្រសួងការបរទេស និងការិយាល័យតំណាងរាស្រ្ត និងនាយកដ្ឋានអភិវឌ្ឍន៍អន្តរជាតិនៃចក្រភពអង់គ្លេស។

មន្រ្តីនៃភាគីទាំងពីរបានសម្តែងនូវការសប្បាយរីករាយចំពោះកិច្ចអភិវឌ្ឍន៍ខ្លាំង នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម – ចក្រភពអង់គ្លេស ចាប់តាំងពីបានបង្កើតឡើងអស់រយៈពេល ១០ឆ្នាំកន្លងមក។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dung បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងការប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងគំនិតផ្តួចផ្តើមនានាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវេជ្ជសាស្ត្រ នឹងបានអះអាងថា វៀតណាមត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេសក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនោះ។

លោកបានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់ចក្រភពអង់គ្លេសក្នុងការដាក់ប្រទេសវៀតណាមក្នុងបញ្ជីប្រទេសដែលត្រូវបានលើកលែងសម្រាប់ការដាក់ឱ្យនៅដាច់ដោយឡែក ចំពោះការធ្វើដំណើរទៅចក្រភពអង់គ្លេស ហើយបានស្នើឱ្យប្រទេសទាំងពីរបន្តជួយគ្នាក្នុងកិច្ចការការពារពលរដ្ឋ។

អនុរដ្ឋមន្ត្រីការបរទេសរូបនេះបានបញ្ជាក់ថា វៀតណាមជួយសម្រួលដល់ការចូលក្នុងប្រទេសនេះពីអ្នកការទូត វិនិយោគិន អ្នកជំនាញ អ្នកគ្រប់គ្រង និងកម្មករជំនាញ រួមទាំងអ្នកមកពីចក្រភពអង់គ្លេសដែលមកធ្វើការនៅក្នុងវៀតណាមផងដែរ។

លោក Nigel Adams បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសវៀតណាមក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងបានថ្លែងអំណរគុណដល់ភ្នាក់ងារវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាវៀតណាមដែលបានយកចិត្តទុកដាក់ចំពោះប្រជាជនអង់គ្លេសដែលបានឆ្លងវីរុសនេះ។

មន្រ្តីរូបនោះបានកត់សម្គាល់នូវក្តីសង្ឃឹមរបស់ខ្លួនដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀតនៅក្នុងវិស័យដែលមានផលប្រយោជន៍រួមគ្នា ដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ នយោបាយ ការពារជាតិ សន្តិសុខ សុខភាព ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)