ឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរានឹងចែកកូនឈើជាង១សែនដើមឲ្យទៅសាធារណជនយកទៅដាំដុះនៅតាមសហគមន៍

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប

MC៖ ក្នុងឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរាគ្រោង នឹងចែកជូនកូនឈើចម្រុះដោយឥតគិតថ្លៃប្រមាណ១សែនដើម ដល់សាធារណជនទូទៅ ដើម្បីដាំដុះឡើងវិញនៅតាមគេហដ្ឋាន និងទីតាំងសាធារណៈនានាដើម្បីបង្កើន  គម្របព្រៃឈើ និងទេសភាពបៃតង។

ថ្លែងក្នុងពិធីដាំកូនឈើឡើងវិញប្រមាណ៤០០ដើម ក្នុងបរិវេនខាងត្បូងប្រាសាទអង្គរវត្តក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន» ក្រោម កាលពីព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០​​ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ដើម្បីបង្កើនគម្របព្រៃឈើ និងទេសភាពបៃតង សម្រាប់ប្រទេសកម្ពុជាទាំងមូល ក្នុងឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរា បានត្រៀមកូនឈើពូជប្រណិតៗជាច្រើនប្រភេទជាង១សែនដើម ដើម្បីចែកជូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្ត ដែលមានបំណង យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម និងទីកន្លែងផ្សេងៗទៀត។ឯកឧត្តមបន្តថា ជាពិសេសប្រជាពលរដ្ឋអាចចូលរួមដាំដុះកូនឈើឡើងវិញបាននៅក្នុងបរិវេនឧទ្យានអង្គរ។

សំឡេង៖«ថាហេតុអ្វីបានជាអាជ្ញាធរជាតិអប្សរាគ្រោងចែកជូនដើមឈើជាងមួយសែនដើម្បីចែកជូនបងប្អូនប្រជាពលរដ្ខទៅដាំនៅតាមផ្ទះនៅខេត្តផ្សេង នៅតាមទីវត្តអារាម សាលារៀន មន្ទីរពេទ្យ ឬក៏ជាឯកជនក៏យើងជូនដែរ ដើម្បីបង្កើនគម្របព្រៃឈើសម្រាប់ប្រទេសកម្ពុជារបស់យើង ក្នុងការជួយការងារបរិស្ថាន ហើយគំនិតនៃការផ្តួតផ្តើមនៅថ្ងៃនេះគឺជាការសំខាន់ ជាពិសេសគឺការគៀងគរការផ្សព្វផ្សាយ ឲ្យមានការចូលរួមក្នុងការអភិវឌ្ឍក្នុងតំបន់អង្គររបស់យើង ហើយទីនេះជាទីតាំងប្រវត្តិសាស្រ្តដែលមានតម្លៃមហាសាល ហើយការដាំដើមឈើថ្ងៃនេះក្នុងគោលដៅមួយ ដែលយើងចង់ឲ្យអ្នកដាំទៅថ្ងៃអនាគតថាដើមឈើរបស់ខ្ញុំនៅតំបន់អង្គរ My trees in  Angkor »។

គួជម្រាបផងដែរថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការដាំដើមឈើឡើងវិញក្នុងតំបន់ឧទ្យានអង្គរតាំងពីឆ្នាំ២០០៤មក ព្រោះថា ព្រៃឈើមានផលប្រយោជន៍ជាច្រើនដូចជា៖ផ្តល់ជាម្លប់ ជាការទាក់ទាញទឹកភ្លៀង ផ្តល់សំណើមដល់ភពផែនដី កាត់បន្ថយការបំពុលបរិស្ថាន ផ្តល់នូវការប្រើប្រាស់ប្រចាំថ្ងៃ ហើយអ្វីដែលពិសេសជានេះទៀត គឺប្រាំង្គប្រាសាទទាំងអស់ក៏ត្រូវបានការ ការពារនិងថែរក្សាដោយសារដើមឈើដូចគ្នា៕