ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ មេរោគកូវីដ១៩ បានធ្វើឱ្យវិស័យដឹកជញ្ជូនរបស់កម្ពុជាធ្លាក់ចុះគួរឱ្យកត់សម្គាល់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៧ ០៧ ២០២០

MC: ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន មានប្រសាសន៍ថា មេរោគកូវីដ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺ នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ កម្ពុជា ទទួលបានអ្នកដំណើរចំនួន១,៩៥ លាននាក់ ធ្លាក់ចុះ៦៨ភាគរយ និងទំនិញចំនួន២៥.០០០ តោន ធ្លាក់ចុះ៣០ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយ(Video Conference) កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និង ដឹកជញ្ជូន។
កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន ឯកឧត្ដម Dato Abdul Mutalib Yusof រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងព័ត៌មាននិងដឹកជញ្ជូននៃប្រទេសព្រុយណេ និងឯកឧត្ដម Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតជាសំខាន់លើវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ក្នុងវិស័យដឹកជញ្ជូន។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី លើកឡើងអំពីវិធានការបិទច្រកទ្វារឆ្លងកាត់ ព្រំដែនជាបណ្ដោះអាសន្ន ដោយមានការឯកភាពរវាងប្រទេសជិតខាង ក្នុងនោះមានការអនុវត្តតាមគោលការណ៍ ចំនួនបីចំណុច ទីមួយត្រូវផ្ទេរទំនិញពីរថយន្តដឹកទំនិញរបស់ប្រទេសនាំចេញទៅកាន់រថយន្តដឹកទំនិញរបស់ប្រទេស នាំចូលនៅត្រង់ទីតាំងកំណត់មួយ ទីពីរត្រូវប្ដូររ៉ឺម៉កសណ្ដោងនៅត្រង់ទីតាំងកំណត់នោះ និងទីបី កំណត់ចំនួនរថយន្តចេញចូលច្បាស់លាស់តាមពេលម៉ោងជាក់លាក់ និងការកំណត់ចំនួនមនុស្សច្រើន បំផុតក្នុងមួយរថយន្តចំនួនពីរនាក់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគនេះ។
ឯកឧត្តម បានគូសបញ្ជាក់ថា ទោះបីជាមានឥទ្ធិពលអវិជ្ជមានពីមេរោគកូវីដ១៩ ទៅលើសេដ្ឋកិច្ចរបស់កម្ពុជាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មផងដែរ៕