CAMSOC ពិភាក្សាជាមួយគណៈកម្មការជំនាញចំនួន៥ សម្រាប់ការអនុវត្តផែនការ និងភារកិច្ចចម្បងមួយចំនួន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ ឬ CAMSOC បានបន្តពិភាក្សាបន្ថែមជាមួយគណៈកម្មការជំនាញរបស់ខ្លួនចំនួន៥ ដើម្បីពិនិត្យសកម្មភាពការងារ ផែនការអភិវឌ្ឍន៍ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម(កីឡាជនពិការ)ឆ្នាំ២០២៣ ។
គណៈកម្មការជំនាញទាំង៥នោះ រួមមាន៖ គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន, គណៈកម្មការអ្នកស្ម័គ្រចិត្ត, គណៈកម្មការវេជ្ជសាស្ត្រនិងដូភីង, គណៈកម្មការហ្គេមព័ត៌មានវិទ្យា និង គណៈកម្មការពិធីការ ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា ការពិភាក្សាជាមួយគណៈកម្មការជំនាញទាំង៥នេះ គឺដើម្បីឲ្យគណៈអចិន្ត្រៃយ៍ CAMSOC ផ្តល់នូវផែនការសម្រាប់ការអនុវត្ត និងភារកិច្ចចម្បងៗមួយចំនួន ។ គណៈកម្មការជំនាញទាំងនេះ នឹងជួយឲ្យដំណើរការស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មានភាពរលូនក្នុងការគ្រប់គ្រងដឹកនាំកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការជំនាញទាំង៥ ក្នុងចំណោមគណៈកម្មការជំនាញសរុបទាំង១៤ ដែលកំពុងខិតខំធ្វើការបានមួយផ្នែកធំនិងកែសម្រួលខ្លះៗ ដើម្បីសម្រួចគោលដៅឲ្យទទួលបានជោគជ័យ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់យ៉ាងនេះថា «ថ្នាក់ដឹកនាំនៃគណៈកម្មការជំនាញទាំង៥នេះ បានយល់អំពីការដឹកនាំរៀបចំហ្គេមនេះថា ត្រូវធ្វើអ្វីខ្លះ មានចំណុចអ្វីខ្លះ ដែលជាតម្រូវការចំាបាច់ ឬការងារគាំទ្រ ដូច្នេះពួកគាត់បានយល់ច្បាស់ ដើម្បីរៀបចំគម្រោងនៅក្នុងគណៈកម្មការជំនាញនីមួយៗឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម លោក លោកស្រី ដែលកាន់តួនាទី នៅក្នុងគណៈកម្មការជំនាញទាំងអស់នេះ គឺពួកគាត់ មានបទពិសោធន៍លើការងារទូទៅច្រើនហើយ ដោយគ្រាន់តែបន្ថែមនូវលក្ខណៈពិសេសនៃបទពិសោធន៍ការរៀបចំការប្រកួតកីឡាប៉ុណ្ណោះ» ។
ឯកឧត្តមលើកឡើងទៀតថា គណៈកម្មការជំនាញនានា បានចាប់ផ្តើមធ្វើការងាររបស់ខ្លួនជាបណ្តើរហើយពីពេលនេះតទៅ ពីព្រោះនៅឆ្នាំនេះ ជាគោលការណ៍របស់សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានCAMSOCបានផ្តល់នូវអនុសាសន៍ដល់គ្រប់គណៈកម្មការជំនាញទាំងអស់រៀបរយឲ្យហើយនូវរបៀបរបបឯកសារ និងផែនការរបស់ខ្លួន ហើយគោលដៅនៅឆ្នាំ២០២១ គ្រាន់តែសម្រិតសម្រាំងនូវផែនការបន្តិចបន្តួច ដើម្បីចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២២ ។ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ដោយឲ្យគណៈកម្មការបច្ចេកទេសទាំងអស់ត្រូវបញ្ចប់នូវការងារលាយលក្ខណ៍អក្សរនៃផែនការរបស់ខ្លួនឲ្យហើយ ដើម្បីជាបន្ទាត់ ឬជាត្រីវិស័យ នៅក្នុងការងារដឹកនាំគ្រប់គ្រងរបស់ខ្លួនឲ្យបានយ៉ាងហោចណាស់ចន្លោះពី៧០ ទៅ ៨០% និងត្រូវបំពេញបន្ថែមនៅក្នុងឆ្នាំ២០២១ ដើម្បីបន្តអនុវត្តសកម្មភាពការងារ នៅឆ្នាំ២០២២ រហូតដល់ដើមឆ្នាំ២០២៣ ដែលជាឆ្នាំត្រូវរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ៕