ក្នុងខែមិថុនា ចាប់បានរថយន្តដឹកលើសទម្ងន់ជាង២០០គ្រឿង និងពិន័យជាង១០ម៉ឺនដុល្លារ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៦ ០៧ ២០២០


MC: គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា រយៈពេល១ខែនៃខែមិថុនាកន្លងទៅនេះ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន២២៨គ្រឿង និងពិន័យបានថវិកាសរុបជាង៤០០លានរៀល ស្មើនឹងជាង១០ម៉ឺនដុល្លារអាមេរិក។
របាយការណ៍របស់គណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅថ្ងៃទី១៦ ខែកក្កដានេះ បានបញ្ជាក់ថា ចំនួនរថយន្តដែលចាប់បាននេះ មានការថយចុះចំនួន៤៨គ្រឿង បើប្រៀបធៀបទៅនឹងតួលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៧៦គ្រឿង។
ក្នុងចំណោមរថយន្តដែលចាប់បានក្នុងខែមិថុនាកន្លងទៅនេះ មានរថយន្តផ្ទុកលើសទម្ងន់លើសពី៥ភាគរយដល់១០ភាគរយ ចំនួន១០គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី១០ភាគរយ ទៅ២០ភាគរយ ចំនួន១៣០គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី២០ភាគរយចំនួន៨៨គ្រឿង។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅទូទាំងប្រទេស មានស្ថានីយថ្លឹងយានយន្តសរុប២៨កន្លែង មានដូចជា៖ នៅស្ថានីយបាវិត ស្ថានីយអ្នកលឿង ស្ថានីយកំពង់ភ្នំខេត្តកណ្តាល ស្ថានីយព្រែកឯង ស្ថានីយខេត្តកំពង់ស្ពឺ ព្រះសីហនុ សៀមរាប តាកែវ កំពត ពោធិសាត់ បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ជាដើម៕