មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃច្រានចោលការចោទប្រកាន់ថាអាជ្ញាធរបិទបាំងសិទ្ធិសេរីភាពប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា ៖


MC៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់គ្មានការពិតរបស់ក្រុមអ្នកវិភាគនិងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន រួមទាំងវិទ្យុបរទេសដែលនិយាយភាសាខ្មែរ ដែលបានធ្វើបទអត្ថាធិប្បាយ ឬការវិភាគពាក់ព័ន្ធដល់ការចោទប្រកាន់វាយតម្លៃដល់អាជ្ញាធរថា បិទបាំងសិទ្ធិសេរីភាព គៀបសង្កត់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ក្នុងការជួបជុំប្រារព្ធពិធីសាសនាផ្សេងៗ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃបានថ្លែងថា ការចោទប្រកាន់នេះ មានលក្ខណៈលំអៀងទៅខាងផ្នែកនយោបាយ កេងចំណេញនយោបាយទៅភាគីនយោបាយម្ខាងទៀត គ្មានតម្លាភាព និងមានចេតនាបង្កើតឲ្យមានបញ្ហាយល់ច្រឡំពីសាធារណជន ។
ឯកឧត្តម អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តថា ការវិភាគវាយតម្លៃរបៀបនេះ គឺជាការវិភាគប្រកបដោយទុទិដ្ឋនិយមខ្មៅងងឹត និងធ្វើឲ្យមានភាពជ្រួលច្របល់បំពុលបរិយាកាសសង្គម និងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណជន និងប្រជាពលរដ្ឋ ។ ឯកឧត្តមបានអៈអាងថា ការរៀបចំពិធីសាសនាផ្សេងៗ គ្មានច្បាប់ណាហាមឃាត់ទេ ប៉ុន្តែត្រូវតែអនុវត្តទៅតាមវិធាននៃក្រសួងសុខាភិបាលដូចជាគន្លាតសង្គមការធ្វើអនាម័យឲ្យបានទៀងទាត់ ដើម្បីបង្ការទប់ស្កាត់ប្រឆាំងនឹងវីរុសកូវីដ១៩ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា ចំពោះការចោទប្រកាន់របស់ក្រុមអគតិទំាងនោះគឺគ្មានមូលដ្ឋានច្បាស់លាស់ ដោយមិនផ្អែកទៅលើទិដ្ឋភាពច្បាប់ និងមិនផ្អែកទៅលើស្ថានភាពជាក់ស្តែងនោះឡើយ។ ហើយ ការចោទប្រកាន់នេះ គឺកើតចេញពីប្រភព អ្នកសារព័ត៌មាន និងអ្នកវិភាគ ដែលពុំមានប្រភពព័ត៌មានច្បាស់លាស់ គឺគ្រាន់តែផ្សាយ តៗគ្នា ដោយពុំបានធ្វើការស្រាវជ្រាវឲ្យបានច្បាស់អំពីប្រភពព័ត៍មានពិត។អ្នកព័ត៌មាន និងវិទ្យុបរទេសនិយាយភាសាខ្មែរមួយចំនួន ធ្វើការវិភាគ ដើម្បីបម្រើឲ្យនយោបាយប្រឆាំងនិងរដ្ឋាភិបាលកម្ពុជា ។ បន្ថែមពីនេះទៀត គឺអ្នកវិភាគដែលមានគំនុំជាមួយប្រទេសជាតិរបស់ខ្លួន អ្នកវិភាគមួយចំនួនទៀត គឺមានគំនុំជាមួយប្រទេសជាតិរបស់ខ្លួន ដោយសារពួកគេបានរត់គេចចេញពីសំណាញ់ច្បាប់ ហើយមានកំហឹងចំពោះរដ្ឋាភិបាលហេតុនេះពួកគេ រិះរកវិធីបញ្ចេញ កំហឹងដោយធ្វើការវាយបកប្រឆាំងជាមួយរដ្ឋាភិបាលទាំងបំពាន ៕