ស្ថានភាពនៅតាមព្រំដែនរវាងអាមេនី – អាស៊ែបៃហ្សង់មានសភាពស្ងប់ស្ងាត់

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០​ — អ្នកនាំពាក្យក្រសួងការពារជាតិអាមេនី លោក Artsrun Ovannisyan បាននិយាយថា ស្ថានការណ៍នៅតំបន់ភាឦសាននៃព្រំដែនរវាងអាមេនី និងអាស៊ែបៃហ្សង់មានសភាពស្ងប់ស្ងាត់ ហើយចាប់តាំងពីម៉ោង ១៨:០០ ម៉ោងក្នុងស្រុក (ម៉ោង ១៧:០០ ម៉ោងនៅទីក្រុងមូស្គូ)។

លោកបាននិយាយថា «ស្ថានភាពនៅតំបន់ភាគឦសាននៃព្រំដែនរវាងអាមេនី និងអាស៊ែបៃហ្សង់មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ចាប់តាំងពីម៉ោង ១៨:០០ ក្រោយពីមានការរាយការណ៍នូវការបាញ់ប្រហារជាញឹកញាប់ ដោយក្នុងនោះកាំភ្លើងធុនធ្ងន់មិនត្រូវបានប្រើប្រាស់នោះទេ»។

យោងតាមអ្នកនាំពាក្យរូបនេះបាននិយាយថា កងកម្លាំងប្រដាប់អាវុធអាមេនីបានបំផ្លាញយន្តហោះដ្រូនអាស៊ែបៃហ្សង់ចំនួន ១០គ្រឿងចាប់តាំងពីមានអរិភាពផ្ទុះឡើងនៅតំបន់ព្រំដែនកាលពីថ្ងៃទី១២ ខែកក្កដា។

លោក Ovannisyan បាននិយាយថា «ចំនួនពិតប្រាកដនៃយន្តហោះគ្មានមនុស្សបើកនឹងត្រូវប្រកាសជាសាធារណៈនៅថ្ងៃនេះ។ នៅពេលនេះ ខ្ញុំអាចនិយាយបានថា យន្តហោះគ្មានមនុស្សបើកប្រមាណ ១០គ្រឿងត្រូវបានបំផ្លាញរួចហើយ រួមទាំងប្រភេទ Elbit Hermes 900 ដែលមានតម្លៃថ្លៃខ្លាំងផងដែរ»។

លោកក៏បាននិយាយផងដែរថា កងកម្លាំងប្រដាប់អាវុធរបស់អាស៊ែបៃហ្សង់បានជ្រើសរើសទីប្រជុំជន និងភូមិរបស់អាមេនីជាគោលដៅសម្រាប់ការបាញ់ផ្លោងរបស់ពួកគេ រួមទាំងការប្រើកាំជ្រួច និងគ្រាប់រ៉ុក្កែតជាច្រើនផងដែរ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ណាមួយស្តីពីការស្លាប់ និងរបួសក្នុងចំណោមជនស៊ីវិលនៅឡើយទេ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេនី លោកស្រី Anna Nagdalyan បាននិយាយថា ប្រទេសនេះបានបាត់បង់ទាហាន ៤នាក់ដែលបានស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួសចាប់តាំងពីថ្ងៃទី ១២ ខែកក្កដា។

លោកស្រីបាននិយាយថា «ពីខាងអាមេនី ទាហាន ៤នាក់ត្រូវបានសម្លាប់ និង ៥នាក់រងរបួស ដោយក្នុងនោះមានមន្រ្តីប៉ូលិស ២នាក់ផងដែរ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ណាមួយស្តីពីការស្លាប់ និងរបួសក្នុងចំណោមជនស៊ីវិលនៅឡើយទេ បើទោះបីជាភាគីអាស៊ែបៃហ្សង់កំពុងផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងចំនួនប្រជាជនក៏ដោយ»។

សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលបាននិយាយថា ក្នុងពេលដំណាលគ្នានោះដែរ នាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan បានជួបជាមួយមេបញ្ជាការយោធាកំពូលរបស់ប្រទេស ដើម្បីពិភាក្សាអំពីស្ថានភាពនាពេលបច្ចុប្បន្ននៅតាមព្រំដែនជាមួយប្រទេសអាស៊ែបៃហ្សង់៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)