មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ ប្តេជ្ញាផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់ដល់តំបន់កសិកម្មដែលនៅឆ្ងាយពីប្រព័ន្ធធារាសាស្រ្ត

វិទ្យុជាតិកម្ពុជា៖ ហាន់ ស្រីណា ១៥.០៧.២០


MC៖មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ ប្តេជ្ញាផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់ដល់តំបន់កសិកម្មដែលនៅឆ្ងាយពីប្រព័ន្ធធារាសាស្រ្ត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ក្នុងការបង្កបង្កើនផល។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៏………..
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថាក្រសួងធនធានទឹកនិងឧត្តុនិយមបានផ្តល់ម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿងដល់មន្ទីរធនធានទឹកខេត្តដើម្បីយកទៅបូមទឹកស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋដែលគ្មានប្រភពទឹកគ្រប់គ្រាន់ក្នុងការធ្វើកសិកម្មអោយឲ្យក្លាយមកជាតំបន់ដែលមានទឹកគ្រប់គ្រាន់ដូចតំបន់ដែលនៅជិតប្រព័ន្ធធារាសាស្រ្ត ជាពិសេសនៅពេលជួបប្រទះបញ្ហាគ្រោះរាំងស្ងួត។
លោកបន្តថា ការចែកចាយប្រព័ន្ធទឹកទៅតំបន់ដាច់ស្រយាលពីប្រភពទឹកនេះដើម្បីជំរុញការធ្វើកសិកម្មរបស់ប្រជាកសិករឲ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងការបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋអោយកាន់ល្អប្រសើរថែមមួយកម្រិតទៀត។
លោកបន្តទៀតថា បច្ចុប្បន្នមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ ក៏បានបើកទ្វារទឹកបញ្ជូនប្រភពទឹកទៅតំបន់ខាងក្រោម មួយចំនួនដូចជា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្រុកស្រីស្នំនិងស្រុកក្រឡាញ់ នៃខេត្តសៀមរាប។
សំឡេង:ម៉ាស៊ីនបូមទឹកដោយក្រសួងធនធនទឹកបានផ្ដល់ឲ្យអន្តរាគមន៍មាន មាន៨គ្រឿងធុនមធ្យមកម្លាំង៦៥សេសេឲ្យខាងមន្ទីរធនធានទឹកខេត្តឧត្ដរមានជ័យយើងសម្រាប់ជួយប្រជាពលរដ្ឋ នៅពេលជួបគ្រោះរាំងស្ងួតយើងមានការបូមចេញពីប្រភពទឹកក៏ដូចជាបូមតាមបណ្ដាអូមួយចំនួននៅស្រុកបន្ទាយអំពិលដូចស្ទឹងប៉េងហើយនៅក្រុងសំរោងយើងបូមចេញពីអូដែរដូចជាអូនៅខាងស្រុកបុស្បូវមួយចំណែកនិងទន្សាយរាក់នោះមួយចំណែកនិងស្រុកចុងកាល់យើងមានបូមនៅអូរធ្លកយើងមានបូមនៅប្រឡាយមេស្ទឹងត្រែងទី ២។
សូមបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការលើការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ មន្ទីធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យបានអភិវឌ្ឍន៍ ស្តារនិងកសាង ប្រព័ន្ធធារាសាស្រ្ត ប្រឡាយ លូបង្ហូរទឹក ស្ទើរគ្រប់ទីកន្លែងដូចជា ប្រព័ន្ធធារាសាស្រ្តខ្នាតតូចមានចំនួន៥៧កន្លែង ប្រព័ន្ធធារាសាស្រ្តខ្នាតមធ្យម មានចំនួន២៨កន្លែង និង ប្រព័ន្ធធារាសាស្រ្តខ្នាតធំមានចំនួន៣កន្លែង ដែលអាចស្រោចស្រព ផ្គត់ផ្គង់ទឹកស្រោចលើដីស្រែរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង៣ម៉ឺន៥ពាន់ហិកតាដែលជួយបង្កើនផលដំណាំផ្សេងៗពិសេសដំណាំស្រូវឲ្យដុះលូតលាស់បានល្អ និងទទួលបានផលច្រើន៕