ការហាមឃាត់របស់ចក្រភពអង់គ្លេសទៅលើក្រុមហ៊ុន Huawei គឺជាការធ្វើនយោបាយនៃបញ្ហាពាណិជ្ជកម្ម មិនមែនដើម្បីសន្តិសុខជាតិទេ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា សេចក្តីសម្រេចរបស់ចក្រភពអង់គ្លេសក្នុងការហាមឃាត់ទៅលើក្រុមហ៊ុន Huawei ពីការដាក់ឱ្យដំណើរការប្រតិបត្តិការ 5G ថ្នាក់ជាតិ គឺជាអំពី «នយោបាយនីយកម្មនៃបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យា» និងមិនមែនដើម្បី «សន្តិសុខជាតិ» នោះទេ។

តំណាងក្រសួងការបរទេសរូបនេះក៏បានិយាយបន្ថែមថា ប្រទេសចិនបានជំទាស់យ៉ាងខ្លាំងចំពោះ ទង្វើរបស់ចក្រភពអង់គ្លេសទាក់ទងនឹងក្រុមហ៊ុន Huawei ហើយបានធានាថា ប្រទេសនេះនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។

នៅមុននេះ សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួងការបរទេសចិនបាននិយាយថា ការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ចិន បានបញ្ជាក់អំពីការពិតដែលថា ការហាមឃាត់ចុងក្រោយទៅលើក្រុមហ៊ុននេះមិនមែននិយាយអំពី «សន្តិសុខជាតិ» ទេ តែជា «ការកេងចំណេញនយោបាយ»។

លោក ដូណាល់ ត្រាំ បាននិយាយកាលពីយប់ថ្ងៃអង្គារទាក់ទងនឹងបូជនីយកិច្ចរបស់លោក Brois Johnson កាលពីពេលថ្មីៗនេះទាក់ទងនឹងក្រុមហ៊ុន Huawei ថា «យើងបានបញ្ចុះបញ្ចូលប្រទេសជាច្រើន ហើយប្រទេសជាច្រើន នឹងខ្ញុំបានធ្វើបែបនេះដោយខ្លួនឯងនូវផ្នែកជាច្រើន – យើងមិនឱ្យប្រើក្រុមហ៊ុន Huawei ទេ ព្រោះយើងគិតថា វាជាហានិភ័យសុវត្ថិភាព មិនមានសុវត្ថិភាព ហើយវាជាហានិភ័យសន្តិសុខដ៏ធំ»។

រដ្ឋមន្រ្តីក្រសួងវប្បធម៌អង់គ្លេស លោក Oliver Dowden បានប្រកាសកាលពីថ្ងៃទី១៤ ខែកក្កដាថា ចក្រភពអង់គ្លេសនឹងហាមឃាត់ការទិញហេដ្ឋារចនាសម្ព័ន្ធ 5G ពីក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលចាប់ផ្តើមពីចុងឆ្នាំ ២០២០ ដោយលើកហេតុផលថា ការសម្រេចនេះ គឺជាសកម្មភាពសន្តិសុខរយៈពេលវែងរបស់ទូរគមនាគមន៍របស់យើង។

លោក ត្រាំ បានកោតសរសើរចំពោះសកម្មភាព «បកក្រោយ» របស់ចក្រភពអង់គ្លេសទៅលើក្រុមហ៊ុន Huawei ប៉ុន្តែទោះជាយ៉ាងណា មតិយោបល់របស់លោកត្រូវបានរិះគន់ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock ថា ជា «ការទាមទារឥណទាន» ចំពោះការសន្មត់ហានិភ័យរបស់ទីក្រុងឡុងដ៍ទាក់ទងនឹងក្រុមហ៊ុនមួយនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)