លោក ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដើម្បីដាក់ទណ្ឌកម្មទៅលើទីក្រុងហុងកុង

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០​ — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាទៅលើបទបញ្ជាប្រតិបត្តិមួយដើម្បីដាក់ទណ្ឌកម្មលើស្ថានភាពនៅក្នុងទីក្រុងហុងកុង។

ឯកសារនេះត្រូវបានចេញផ្សាយដោយសេតវិមានកាលពីថ្ងៃអង្គារនេះ ដោយបង្កកនូវរាល់ «ទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក» របស់ពលរដ្ឋបរទេសណាដែល រដ្ឋាភិបាលសហរដ្ឋអាមេរិកកំណត់ថា បានចូលរួមដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងការបង្ខិតបង្ខំ ការចាប់ខ្លួន ការឃុំខ្លួន ឬការដាក់ពន្ធនាគារដល់បុគ្គលដោយយោងទៅលើ «ច្បាប់សន្តិសុខជាតិហុងកុង» ឬក៏អ្នកដែលបានចូលរួមនៅក្នុងការអភិវឌ្ឍការអនុម័ត ឬការអនុវត្តច្បាប់នេះ។

ការបង្កកទ្រព្យសម្បត្តិនេះក៏ត្រូវបានប្រមើលមើលសម្រាប់បុគ្គលដែលពាក់ព័ន្ធនឹងសកម្មភាព ឬគោលនយោបាយ «ដែលធ្វើឱ្យអន្តរាយដល់ដំណើរការប្រជាធិបតេយ្យ ឬស្ថាប័ននៅក្នុងទីក្រុងហុងកុង ការគំរាមកំហែងដល់សន្តិភាព សន្តិសុខ ស្ថិរភាព ឬស្វយ័តភាពរបស់ទីក្រុងហុងកុង»។ វាក៏ផ្តោតសំខាន់ទៅលើអ្នកដែលពាក់ព័ន្ធក្នុងការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ ការចាប់ខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀតផងដែរ។

បទបញ្ជាប្រតិបត្តិនេះក៏រំពឹងផងដែរថា នឹងលុបចោលការអនុគ្រោះពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងហុងកុង។

វាក៏បង្ហាញអំពីចេតនារបស់សហរដ្ឋអាមេរិក ក្នុងការព្យួរកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលមួយចំនួន ដែលរួមមានទាំងការធ្វើបត្យាប័នឧក្រិដ្ឋជនផងដែរ។

កាលពីថ្ងៃទី ៣០ ខែមិថុនា សមាជិកសភាចិនបានអនុម័តច្បាប់ស្តីពីការការពារសន្តិសុខជាតិនៅ ហុងកុង។ ច្បាប់នីតិប្បញ្ញត្តិនេះព្យាយាមការពារសកម្មភាពដូចជា ការបែងចែកក្រុមភេវរកម្ម ការបំផ្លាញអំណាចកណ្តាល និងការឃុបឃិតជាមួយមហាអំណាចបរទេសប្រឆាំងនឹងចិន។ ទីភ្នាក់ងារពិសេសត្រូវបានបង្កើតឡើងនៅទីក្រុងហុងកុងដែលមិនស្ថិតនៅក្រោមអំណាចរដ្ឋបាលហុងកុង។ ការអភិវឌ្ឍន៍បែបនេះបានបង្កឱ្យមានការរិះគន់ពីបណ្តាប្រទេសជាច្រើននៅលោកខាងលិច ដែលជឿថា វាជាការរំលោភលើស្វយ័តភាពរបស់ទីក្រុងហុងកុង៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)