ភ្នំត្បែងខេត្តព្រះវិហារជាតំបន់ទេចរណ៍បែបធម្មជាតិដ៏ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 16,07,2020


MC៖ ភ្នំត្បែងខេត្តព្រះវិហារ ជាតំបន់ទេចរណ៍បែបធម្មជាតិដ៏ស្រស់ស្អាត ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តមិនចេះជិនណាយ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម……………
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ភ្នំត្បែងគឺជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតមួយ គ្រប់ដណ្តប់លើផ្ទៃដីធម្មជាតិប្រមាណជាង២ម៉ឺន៥ពាន់ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដែលមានចំងាយប្រមាណជា ១៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ។
លោកបញ្ជាក់ថា ភ្នំត្បែង សម្បូរទៅដោយធនធានធម្មជាតិ មានតំបន់ទឹកធ្លាក់ជាច្រើនកន្លែងដូចជា ៖ ទឹកធ្លាក់បីតង់ ទឹកធ្លាក់តាម៉ា ទឹកធ្លាក់តាំងយូរ ឬចាក់អង្រែ រូងប្រជៀវភ្នំត្បែងនិងទីតាំងសក្ការៈថ្មបីដុំ និងធម្មជាតិបៃតងស្រស់ស្អាតគ្រប់រដូវកាល ជាជម្រកសត្វព្រៃជាច្រើនប្រភេទ។
លោកបានបន្តថា មុននឹងឡើងដល់ទីតាំងដ៏ស្រស់ស្អាតទាំងនេះ អ្នកធ្វើដំណើរត្រូវឆ្លងកាត់ផ្លូវជម្រាលភ្នំ ដែលអមសងខាងដោយចំការចេកដាច់កន្ទុយភ្នែក ហើយអ្វីដែលសំខាន់នោះ គឺការឡើងភ្នំដែលមានកម្ពស់ជាង៤០០ម៉ែត្រ ដែលមានកាំជណ្តើរ១ពាន់៨រយកាំ ។
សម្លេង៖ ភ្នំត្បែងនេះ គឺមានសក្តានុពលទាក់ទាញជាច្រើន នៅលើភ្នំត្បែងនេះមានទាំងធនធានធម្មជាតិព្រៃឈើ មានទាំងទឹកធ្លាក់ មានទាំងទីសក្ការៈសម្រាប់លោកតា លោកយាយក៍ដូចជា ភ្ញៀវជាតិនិងអន្តរជាតិ មួយចំនួនឡើងទៅធ្វើទីសក្ការៈផ្សេងៗទៅតាមទំនៀមទំលាប់ប្រពៃណី ដែលគ្រប់គ្រងដោយសហគមន៍ ហើយខាងមន្ទីរទេសចរណ៍ក៍បានពង្រឹង ទៅលើកិច្ចការងារសេវាកម្មទេសចរណ៍ និងអាជីវកម្មសំដៅទាក់ទាញទេសចរណ៍។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសំណើររបស់ក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ភ្នំត្បែងចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ តំបន់បេតិកភណ្ឌភ្នំត្បែងគ្រប់ដណ្តប់ចំនួន៥ស្រុក គឺ ស្រុកគូលេន សង្គមថ្មី ត្បែងមានជ័យ ស្រុករវៀងនិង ក្រុងព្រះវិហារ ៕