ជំងឺកូវីដ-១៩ បានធ្វើឱ្យបាត់ចំណូលទេសចរណ៍ឥណ្ឌូណេស៊ី ប្រមាណជិត ៥,៩ប៊ីលានដុល្លារអាមេរិក

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០​ — ជំងឺរាតត្បាតកូវីដ-១៩ បានបំផ្លាញចំណូលទេសចរណ៍ឥណ្ឌូណេស៊ីប្រមាណ ៨៥ទ្រីលានរូពី (៥,៨៧ប៊ីលានដុល្លារអាម៉េរិក) គិតមកទល់ពេលនេះនៅក្នុងឆ្នាំនេះ ដែលបង្ខំឱ្យសមាគមអាជីវកម្មក្នុងវិស័យនេះបានអំពាវនាវដល់រដ្ឋាភិបាលឱ្យផ្តល់នូវការជំរុញកាន់តែខ្លាំងឡើង សម្រាប់ឧស្សាហកម្មដែលបំផ្លាញដោយវីរុសនេះ។

យោងតាមទិន្នន័យពីសមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូណេស៊ី (PHRI) បានឱ្យដឹងថា ឧស្សាហកម្មសណ្ឋាគារ និងភោជនីយដ្ឋាន បានខាតបង់ចំណូលជិត ៧០ទ្រីលានរូពី ដោយសារការធ្វើដំណើរលំហែរកាយត្រូវបានបញ្ឈប់ទាំងស្រុង ខណៈដែលអាកាសចរណ៍ និងប្រតិបត្តិករទេសចរណ៍បានខាតបង់ចំណូលចំនួន ១៥ទ្រីលានរូពី។

ប្រធាន PHRI លោក Hariyadi Sukamdani បានប្រាប់សមាជិកសភាក្នុងពេលសវនាការកាលពីថ្ងៃទី ១៤ ខែកក្កដាថា កម្មករនិយោជិតជាង ៩៥ភាគរយនៅក្នុងវិស័យទេសចរណ៍កំពុងស្ថិតនៅដោយគ្មានប្រាក់ឈ្នួល។ លោកបាននិយាយបន្ថែមថា សណ្ឋាគារចំនួន ២.០០០កន្លែង និងភោជនីយដ្ឋានចំនួន ៨.០០០កន្លែងនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានបិទទ្វារក្នុងរយៈពេល ៣ខែដំបូងនៃការផ្ទុះជំងឺនេះ ដែលបានចាប់ ផ្តើមតាំងពីខែមីនាមក។

លោក Harriyadi បានប្រាប់សមាជិកសភាថា ការលើកទឹកចិត្តពន្ធរបស់រដ្ឋាភិបាលមិនមែនជាវិធានការដ៏មានប្រសិទ្ធិភាពដើម្បីបញ្ឈប់ការហូរឈាមនេះទេ។ លោកបាននិយាយបន្ថែមថា កម្មករនិយោជិតជាច្រើននៅក្នុងវិស័យទេសចរណ៍មិនអាចចូលប្រើកម្មវិធីប័ណ្ណការងារមុនរបស់រដ្ឋាភិបាល ដែលបណ្តាលឱ្យមានការប៉ះទង្គិចបន្ថែមទៀតដល់ឧស្សាហកម្មនេះ។

លោកបាននិយាយថា ធនាគារនឹងត្រូវការពង្រីកកម្មវិធីរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ និងផ្តល់ប្រាក់កម្ចីដែលមានសមត្ថភាពជួយអាជីវកម្មនៅក្នុងវិស័យទេសចរណ៍។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិឥណ្ឌូណេស៊ី (BPS) បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែ ឧសភា ប្រទេសឥណ្ឌូណេស៊ីមានចំនួនភ្ញៀវទេសចរណ៍បរទេសត្រឹមតែ ២,៩លាននាក់ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះ ៥៣,៥៦ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)