បឹងវាលរំពេរនៅខេត្តស្ទឹងត្រែងនៅតែជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ គឹមហឿនស្ទឹងត្រែង ១៦ ០៧ ២០២០

M.C បឹងវាលរំពេរនៅក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងនៅតែជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ដោយសារតែបឹងនេះជាបឹងប្រវត្តិសាស្ត្រមួយនៅក្នុងប្រទេសកម្ពុជា ហើយស្ថានភាពខុសប្លែងពីបឹងធម្មជាតិផ្សងៗ។
បឹងរំពេរគឺជាបឹងមានលក្ខណៈចំលែកពីបឹងធម្មជាតិដ៏ទៃ ដោយនៅរដូវវាស្សាទឹកបឹងវាលរំពេរ រីងស្ទើអស់ដល់បាតដី ប៉ុន្តែនៅរដូវប្រាំងគឺទឹកឡើងមក ដែលជាទីទាក់ទាញភ្ញៀវទេសចរណ៍។
លោកតាសៅ មីមានអាយុ៩០ឆ្នាំកំពុងរស់នៅភូមិឃុំថាឡា ស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖កាលពីឆ្នាំ១៩៤៥ គាត់នៅតូចៗធ្លាប់តាមម្តាយ បានទៅចូលរួចពិធីបុណ្យរបស់បងប្អូនជនជាតិ ( ព្នង គួយ ព្រៅ លន់ ខិ )នៅជិតបឹងវាលរំពេរនេះ បានឃើញ បងប្អូនជនជាតិ ធ្វើពិធីបួងសួងសុំឱ្យបាមីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សា គីរី បុព្វតា សូមជួយ ឃុំគ្រងកូនចៅឱ្យមានជីវិតរស់នៅប្រកបមុខរបរឱ្យចំរុងចំរើន និងមានសេចក្តីសុខសាន្ត។
លោកតាបន្តថា៖ បើតាមមេកន្ទ្រាញជនជាតិព្នងនិយាយថា នៅបឹងវាលរំពេនេះ មានរូងនៅចំកណ្តាលបឹង នៅពេលខែវស្សាភ្លៀងច្រើនខ្លាំងយ៉ាងណាក៍មិនមានទឹកដក់ដែរ ព្រោះទឹកជ្រាបចេញតាមរូងនេះ ទៅចេញដល់ចំណុច ជួរចាបនៃដងទន្លេសេសាន ទល់មុខតំបន់ប្រាសាទគូនៅឃុំកំភុនស្រុកសេសាន។
លោកតាបន្ថែមថា៖ នៅរូងនេះបងប្អូនជនជាតិថាមានសត្វមេទឹកចូលទៅនៅក្នុងរូងនោះ បានបិទរូងមិនឱ្យទឹកហូរចេញ ចំណែកតាមការស្រាវជ្រាវ ពីអ្នកជំនាញខ្លះ បង្ហាញថានៅខែប្រាំងដីស្ងួត រឹង ទឹកមិនអាចជ្រាបទៅបាន (នេះបើតាមការគិត) ហើយ ទឹកនៅតាមតំបន់ខ្ពង់រាប បានជ្រាបចូលមកបង្កឱ្យទឹកឡើង។ តែទោះជាយ៉ាងណាបឹងវាលរំពេរនេះមិនទាន់មាន អ្នកជំនាញផ្នែកវិទ្យាសាស្ត្រណាមួយមកធ្វើការពិនិត្យ ស្រាវជ្រាវនៅឡើយទេ។
សូមបញ្ចាក់ថា៖នេះជារូបភាពបឹងវាលរំពេរកាលពីថ្ងៃទី១៥ កក្កដាកន្លងមកថ្មីៗនេះ ដែលទឹកស្រកចុះស្ទើអស់ពីបឹងនៅខែវស្សា ចំណែកខែប្រាំងទឹកឡើងជិតមកដល់ផ្លូវជាតិលេខ៧៨នេះតែម្តង។