វៀតណាមអះអាងជាថ្មីនូវការគាំទ្រចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០​ — ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំផ្ទាល់ ស្តីពីប្រទេសកូឡុំប៊ី ដោយក្នុងនោះប្រទេសវៀតណាមបានអះអាងឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសអាម៉េរិកខាងត្បូងមួយនេះ។

លោក Carlos Ruiz Massieu តំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់ប្រទេសកូឡុំប៊ី និងជាប្រធានបេសកកម្មផ្ទៀងផ្ទាត់របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនេះបានកោតសរសើរដល់ភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការងាររួមគ្នារបស់ពួកគេនៅក្នុងក្រុមប្រឹក្សាបង្រួបបង្រួមជាតិ និងនៅក្នុងយន្តការត្រីភាគី ស្តីពីការផ្លាស់ប្តូរទៅរកភាពស្របច្បាប់។

លោកបានបង្ហាញជំនឿថា កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធបដិវត្តកូឡុំប៊ី (FARC) នឹងឈានដល់កិច្ចព្រមព្រៀងនានា ដើម្បីបន្តជំរុញការធ្វើឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព។

ទោះជាយ៉ាងណា លោកក៏បានបង្ហាញនូវការព្រួយបារម្ភផងដែរអំពីអំពើហិង្សា នឹងការសម្លាប់មេដឹកនាំសង្គម និងអតីតយុទ្ធជននៃជនជាតិដើមអាហ្វ្រូ – កូឡុំប៊ី ដោយជំរុញឱ្យរដ្ឋាភិបាលកូឡុំប៊ី និងភាគីពាក់ព័ន្ធចាត់វិធានការដើម្បីធានាសន្តិសុខដល់សហគមន៍ និងជំរុញភាពជាអ្នកដឹកនាំរបស់អតីតយុទ្ធជនស្ត្រីនៅក្នុងសង្គម សេដ្ឋកិច្ច នឹងការធ្វើសមាហរណកម្មនយោបាយ។

លោក Massieu ក៏បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធទាំងអស់ឱ្យគោរពតាមការអំពាវនាវរបស់អគ្គលេខាធិការសម្រាប់បទឈប់បាញ់ជាសកល ដើម្បីបញ្ឈប់អំពើហិង្សា និងជួយសម្រួលដល់ការឆ្លើយតបចំពោះការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។

ទន្ទឹមនឹងនេះដែរ លោកស្រី Clemencia Carabalí Rodallega តំណាងសមាគមស្ត្រីប្រចាំទីក្រុងនៃនាយកដ្ឋាន Cauca នៃប្រទេសនេះ ក៏បានសម្តែងការព្រួយបារម្ភចំពោះអំពើហិង្សា ការវាយប្រហារ និងការសម្លាប់មេដឹកនាំសង្គម អតីតយុទ្ធជន និងជាពិសេសស្ត្រី និងកុមារ ក្នុងពេលថ្កោលទោសក្រុមប្រដាប់អាវុធខុសច្បាប់ ដើម្បីពង្រីកតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។

លោកស្រីបានស្នើដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឱ្យគាំទ្រដល់ការកសាងសន្តិភាពនៅក្នុងប្រទេសកូឡុំប៊ីឱ្យបានយ៉ាងសកម្ម នឹងបានទទូចឱ្យរដ្ឋាភិបាលបង្កើនវិធានការណ៍សម្រាប់ការពារស្ត្រី និងកុមារ ព្រមទាំងធ្វើការស៊ើបអង្កេត និងនាំជនល្មើសដាក់ទោសដើម្បីស្វែងរកយុត្តិធម៌៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)