ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ នឹងប្រកាសលាលែងពីមុខតំណែងរបស់ពួកគេ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០​ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak និងរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Uttama Savanayana នឹងលាលែងពីមុខតំណែងរបស់ពួកគេ។

ព័ត៌មាននេះនៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃពុធថា លោកមិនបានដឹងអ្វីអំពីផែនការលាលែងតំណែងរបស់សមាជិកនៃក្រុមហិរញ្ញវត្ថុកំពូលរបស់លោកនោះទេ។

ដោយយោងទៅលើឯកសារហិរញ្ញវត្ថុរបស់គណបក្ស Prachachart បានឱ្យដឹងថា រដ្ឋមន្រ្តីទាំងនេះនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើអត្ថាធិប្បាយអំពីការលាលែងពីតំណែងរបស់ពួកគេដែលបានគ្រោងទុក។

កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីចំនួន ៣រូបនៃគណៈរដ្ឋមន្រ្តីថៃ គឺរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Uttama Savanayana រដ្ឋមន្រ្តីក្រសួងថាមពល លោក Sontirat Sontijirawong និងរដ្ឋមន្រ្តីក្រសួងឧត្តមសិក្សាវិទ្យា    សាស្ត្រ និងការច្នៃប្រឌិត លោក Suvit Maesincee បានប្រកាសលាលែងពីគណបក្ស Palang Pracharath ដែលកំពុងដឹកនាំសម្ព័ន្ធរដ្ឋាភិបាល។

សកម្មនេះធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ នៅខាងក្នុងគណបក្សដែលបានកើតឡើងកាលពីខែមុន។

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតបាងកកប៉ុស្តិ៍កាលពីសប្តាហ៍មុនថា លោកនឹងជ្រើសរើស «មនុស្សដែលមានជំនាញបំផុត» ប្រសិនបើលោកសម្រេចចិត្តឱ្យមានការរុះរើគណៈរដ្ឋមន្រ្តី៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)