ស្នងការនគរបាលខេត្តមណ្ឌលគិរីប្រកាសធានាការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនភ្ញៀវទេសចរដែលទៅលេងកម្សាន្តប្រកបដោយភាពកក់ក្តៅ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៦ ០៧ ២០២០


MC៖ស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រកាសធានាការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅខេត្តមណ្ឌលគិរី អោយកាន់តែមានភាពកក់ក្តៅសប្បាយរីករាយ ខណៈដែលខេត្តនេះមានតំបន់សក្តានុពលទេសចរសម្បូរបែប ហើយគ្មានករណីបទល្មើសឡើយ។
ស្នងការនគរបាលខេត្តមណ្ឌលគិរីអៈអាងថា សម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ពុំមានករណីបទល្មើសណាមួយដែលកើតមានឡើងទៅលើភ្ញៀវទេសចរនោះទេ ខណៈដែលកងកម្លំាងសមត្ថកិច្ច មានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លំាង ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងដាក់ពង្រាយកម្លាំងប្រចាំការ និងរក្សាសណ្តាប់ធ្នាប់នៅតាមតំបន់ទេសចរណ៍។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ស្នងការនគរបាលខេត្តបានការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ ទាំង នៅទីក្រុង និងនៅជនបទ ដោយបង្ក្រាបបទល្មើសគ្រប់ប្រភេទមានដូចជា បទល្មើសឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ សត្វព្រៃ គ្រឿងញៀន ការជួញដូរស្ត្រី និងកុមារ បានយ៉ាងមានប្រសិទ្ធភាព ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តមណ្ឌល គិរី នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី លោកឧត្តមសេនីយ៍ទោឲ្យដឹងថា ការបង្រ្កាបបទល្មើសទាំងអស់បានយ៉ាងមានប្រសិទ្ធភាពនេះ គឺដោយមានចូលរួមសហការគ្នា ជាមួយប្រជាពលរដ្ឋ ប្រជាសហគមន៍ជនជាតិដើមភាគតិច និងប្រជាការពារទូទាំងខេត្ត ។ លោកបន្តថា ស្នងការនគរបាលខេត្តមានកម្លាំងរួមជាង៨០០នាក់ ក្នុងនោះប្រជាការពារភូមិចំនួន ១០៦៤ នាក់ផងដែរ ដែលប្រចាំការទាំង២១ឃុំសង្កាត់នៅទូទាំងខេត្ត ។លោកបានឲ្យដឹងទៀតថា សមត្ថកិច្ចក៏បានសហការជាមួយមន្ទីរបរិស្ថានខេត្ត ដាក់កងកម្លាំងយាមកាមនៅតំបន់រមណីយដ្ឋានសំខាន់មួយចំនួន ដោយស្លៀកជាពាក់ស៊ីវិល ដើម្បីកុំភ្ញៀវបរទេសវាយតម្លៃថាប្រទេសសន្តិសុខមិនល្អ ប៉ុន្តែអាចការពារសន្តិសុខ សុវត្ថិភាព បាន១០០ភាគរយ។
សំឡេង«ជនល្មើសបើធ្វើសកម្មភាពរួចឡើងតាមដងផ្លូវជាតិ គាត់រត់ចូលព្រៃគឺមិនរួចបើរត់តាមផ្លូវជាតិសមត្ថកិច្ចយើងពួនស្ទាក់គ្រប់កន្លែងទាំងអស់ ករណីទាំងនេះមិនទាន់កើតមានលើភ្ញៀវទេសចរដែលយើងបង្រ្កាបមិនបាននោះទេ ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៨ ២០១៩ពុំមានករណីណាមួយដែលកើតទៅលើភ្ញៀវទេសចរទេ ។ ហើយអញ្ចឹងសូមអញ្ជើញភ្ញៀវទេសចរ ប្រជាពលរដ្ឋទាំងអស់ ទាំងប្រជាពលរដ្ឋខ្មែរនិងបរទេសដែលអាចមកលេងខេត្តមណ្ឌលគិរី ទុកចិត្តនៅការរក្សាសន្តិសុខចុះ »។
យោងតាមរបាយការណ៍ស្នងការនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា កាលឆ្នាំ២០១៩ បានបង្រ្កាបបទល្មើសព្រហ្មទណ្ឌ បានចំនួន៣៦ករណី ក្នុងនោះបទល្មើសឧក្រិដ្ឋ លួចមានស្ថានទំងន់ទោស ១ ករណី ឃាតកម្ម ៣ករណី រំលោភសេពសន្ថវៈ ៣ករណី ចំណែកបទល្មើសមជ្ឈិមមានចំនួន ២៩ ករណី ក្នុងនោះ លួច ១០ ករណី ហិង្សាដោយចេតនា ១៥ ករណី ហិង្សាក្នុងគ្រួសារ ១ករណីនិងបទរំលោភសេចក្តីទុកចិត្ត គឺបង្រ្កាបបានទាំងអស់ផងដែរ ៕