ប្រទេសឥណ្ឌូណេស៊ីនឹងចូលរួមទិវានៃការលក់តាមប្រព័ន្ធអ៊ិនធើណេតអាស៊ានឆ្នាំ ២០២០

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០​ — ប្រទេសឥណ្ឌូណេស៊ីនឹងចូលរួមនៅក្នុងទិវានៃការលក់តាមប្រព័ន្ធអ៊ិនធើណេតអាស៊ាន (AOSD) ឆ្នាំ ២០២០ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចនៅថ្ងៃទី ៨ ខែសីហា ខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Agus Suparmanto បានសម្តែងនូវជំនឿថា ការចូលរួមនេះនឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើន ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។

លោកបាននិយាយបន្ថែមថា ក្រោមប្រធានបទ «ការចុចដើម្បីភាពរុងរឿង» នៃកម្មវិធីនេះនឹងធ្វើឱ្យអ្នកជំនួញក្នុងស្រុកអាចចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងកិច្ចសហប្រតិបត្តិការដើម្បីពង្រីកចំណែកទីផ្សារនៃផលិតផល និងសេវាកម្មពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធើណេតនៅក្នុងទីផ្សារអាស៊ាន និងទីផ្សារពិភពលោក។

យោងតាមទិន្នន័យវិនិយោគរបស់លេខាធិការដ្ឋានអាស៊ានបានឱ្យដឹងថា សេដ្ឋកិច្ចឌីជីថលរបស់ប្លុកនេះត្រូវបានប៉ាន់ប្រមាណថា មានតម្លៃ ១០០ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០១៩។ តួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣០០ប៊ីលានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៥ ។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមានប្រទេសចំនួន ១០ ជាសមាជិក គឺព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)