មន្ទីរទេសចរណ៍ខេត្តរតនៈគិរីគ្រោងរៀបចំរមណីយដ្ឋានទេសចរណ៍ឲ្យបានចំនួន៥កន្លែងបន្ថែមទៀតដើម្បីទាក់ទាញនាភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ១៦.៧.២០២០


MC៖ មន្ទីរទេសចរណ៍ខេត្តរតនៈគិរីគ្រោងរៀបចំរមណីយដ្ឋានទេសចរណ៍ឲ្យបានចំនួន៥កន្លែងបន្ថែមទៀតដើម្បីទាក់ទាញនាភ្ញៀវទេសចរ ដែលជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍
ខណៈដែលតំបន់នេះ មានសក្តានុពលធម្មជាតិជាច្រើនសម្រាប់បង្អួតភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម………………..
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគិរី បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា គម្រោងពង្រីកតំបន់ទេសចរណ៍ថ្មីទំាង៥កន្លែងនៅក្នុងខេត្តរតនៈគិរីនេះ គឺជាយុទ្ធសាស្ត្រដើម្បីពង្រីក នឹងចងក្រងតំបន់រមណីយដ្ឋានថ្មីទៀតដើម្បីបម្រើទៅដល់ខ្សែចង្វាក់ផលិតកម្មផ្នែករមណីយដ្ឋានបែបធម្មជាតិនឹងសម្រាប់បម្រើភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា តំបន់ទេសចរណ៍ទំាង៥កន្លែងដែលអាជ្ញាធរខេត្តកំពុងរៀបចំអភិវឌ្ឍន៍ក្រោមកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធនេះមាននៅ ស្រុកអូរយ៉ាដាវ ស្រុកកូនមុំ ស្រុកលំផាត់ ស្រុកអណ្តូងមាស ដែលជាតំបន់សម្បូរទៅដោយសក្តានុពលធម្មជាតិ មានទឹកជ្រោះ ធម្មជាតិ ព្រៃព្រឹក្សាតូចធំដ៏ស្រស់ស្អាតលាយលំជាមួយនឹងពណ៌ខៀវស្រងាត់ដ៏ទាក់ទាញ់។
សំឡេង៖ « គោលដៅខាងមុខទៀតយើងបង្កើត ឲ្យបាន៥កន្លែងទៀត ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តរតនៈគិរី ។ ហើយសក្កានុពលទាំង៤ស្រុកនេះមានស្រុកអូរយ៉ាដាវ ស្រុកកូនមុំ ស្រុកលំផាត់ ជាសក្តានុពលនោះសម្រាប់បម្រើវិស័យទេសចរណ៍នៅស្រុកអណ្តូងមាសមានទឹកជ្រោះ ដងទន្លេសេសាន នៅស្រុកកូនមុំមានទឹកជាជួរ មិនទាន់បានកំណត់ឈ្មោះជាក់លាក់ទេ ប៉ុន្តែប្រជាពលរដ្ឋ តែងតែហៅថា កោះសំពៅ ។នៅពេលដែលយើងចុះបញ្ជី យើងជាក់លាក់តែម្តង។ យើងរៀបឲ្យបានចំនួន៥កន្លែង នេះយើងនឹងរកទិសដៅដើម្បីដាក់ផែនការអភិវឌ្ឍ តំបន់ផ្សេងៗទៀត យើងមិនអាចធ្វើម្តងទាំងអស់ទេ យើងធ្វើទៅតាមផែនការ ដែលយើងចង់បានបងប្អូនសហគមន៍ដែលគាត់បានបង្កើតហើយនិង ឲ្យគាត់ប្រកបផ្នែកអាជីវកម្មតំបន់រមណីយដ្ឋានអេកូទេសចរណ៍នេះ ។ អ្វីដែលយើងបង្កើតបាន ទី១ហេដ្ឋារចនាសម័ព្ធធ្វើយ៉ាងណាទៅឲ្យដល់តំបន់នោះ ទី២ទៀតពាក់ព័ន្ធទៅនិងធនធានធម្មជាតិ ដូចជាបរិស្ថានយើងត្រូវធ្វើការរួមគ្នាដើម្បីចុះកំណត់ព្រំទល់គ្នាចុះកំណត់តំបន់ ធនធានធម្មជាតិ ដែលគាត់ស្នើសុំមកបង្កើតទៅជាសហគមន៍រមណីយដ្ឋានរបស់គាត់នេះ »។
សូមបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០២០ ភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តរតនៈគិរីមាន ចំនួនសរុបចំនួន៨៥១១០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៨០០០៤នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៥១០៦នាក់៕