ក្រុមហ៊ុនជាង១០០ ធ្វើការសាកល្បងភ្ជាប់ប្រព័ន្ធទិន្នន័យចុះបញ្ជីអាជីវកម្ម

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៦ ០៧ ០២០


MC៖អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃបានធ្វើការសាកល្បងភ្ជាប់ប្រព័ន្ធទិន្នន័យក្រុមហ៊ុនជាង១០០ ក្នុងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្ករលក្ខណងាយស្រួលគ្រប់គ្រងទ័ន្នន័យការវិនិយោគនៅកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីការបញ្ចូលការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ CamDX សម្រាប់បំរើដល់ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform) នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ១៦ ខែកក្កដានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃមានប្រសាសន៍ថា បន្ទាប់ពីមានការភ្ជាប់ប្រព័ន្ធទិន្នន័យជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មមកមានក្រុមហ៊ុនជាង១០០ហើយ ដែលត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់សំណើផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកស្នើសុំចុះបញ្ជីក្រុមហ៊ុន។
យ៉ាងណាក៏ដោយ ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា ការភ្ជាប់ប្រព័ន្ធទិន្នន័យក្រុមហ៊ុនជាង១០០នេះ គឺជាការអនុវត្តសាកល្បងរបស់ក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មតែប៉ុណ្ណោះ ពោលគឺមិនទាន់ដាក់ឱ្យដំណើរការជាផ្លូវការនៅឡើយទេ ដោយសារក្រុមការងារត្រូវរៀបចំបទដ្ឋានគតិយុត្តិជាក់លាក់ជាមុនសិន។
ឯឧត្តមបានបញ្ជាក់ថា មុននឹងឈានដាក់ឱ្យដំណើរការការភ្ជាប់ទិន្នន័យ និងសំណើមួយចំនួនទៀតជាផ្លូវការ គឺត្រូវឱ្យមានការរៀបចំលិខិតបទដ្ឋានគតិយុត្តិក្នុងកម្រិតណាមួយ ឬអាចជាប្រកាសអន្តរក្រសួង ដើម្បីគាំទ្រឱ្យដំណើរការភ្ជាប់ទិន្នន័យនេះបានប្រព្រឹត្តទៅដោយជោគជ័យ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យធ្វើសេចក្ដីព្រាងអនុក្រឹត្យ ដើម្បីពង្រីកវិសាលភាពអនុវត្តក្នុងក្របខណ្ឌរាជរដ្ឋាភិបាលតែម្ដង ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការរៀបចំលិខិតបទដ្ឋានគតិយុត្តិ គួរតែរៀបចំជាអនុក្រឹត្យ ព្រោះការរៀបចំប្រកាសអន្តរក្រសួងនឹងនាំឱ្យមានប្រកាសច្រើន ដោយយសារទិន្នន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងត្រូវភ្ជាប់ជាមួយនឹងទិន្នន័យក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋជាច្រើនទៀត។
សូមបញ្ជាក់ថា CamDXនេះ គឺជាថ្នាលសម្រាប់ផ្លាស់ប្ដូរទិន្នន័យសម្រាប់ការផ្លាស់ប្ដូរទិន្នន័យក្នុងរដ្ឋាភិបាលឌីជីថល ដោយមានលក្ខណៈពិសេសចំនួន៥ រួមមាន៖ ការប្រើប្រាសទម្រង់ប្រព័ន្ធអេកូ (EcoSystem), ផ្ដល់សុវត្ថិភាពខ្ពស់ក្នុងការផ្លាស់ប្ដូរទិន្នន័យ, មិនមានជ្រៀតជ្រែកការគ្រប់គ្រងទិន្នន័យរបស់ស្ថាប័នម្ចាស់ទិន្នន័យ, មានប្រព័ន្ធតាមដានមើលការប្រើប្រាស់ តែមិនអាចមើលខ្លឹមសារនៃទិន្នន័យ, និងអនុឡោមតាមគោលការណ៍ផ្លាស់ប្ដូរទិន្នន័យតាមផែនមុខងារAPI៕