រយៈពេល៦ខែដើមឆ្នាំ២០២០នេះខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជាង៩ម៉ឺន៧ពាន់នាក់

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ១៦ ០៧ ២០២០


MC៖ រយៈពេល៦ខែដើមឆ្នាំ២០២០នេះខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជាង៩ម៉ឺន៧ពាន់នាក់ ដែលជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកនិងបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម………….
លោក អ៊ន់ បោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បើទោះបីបណ្តាប្រទេសនៅលើពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិរហូតដល់៩៧២៦៩នាក់ ដែលភាគច្រើនភ្ញៀវទេសចរទំាងនោះចូលចិត្តទៅលេងតំបន់ទេសចរធម្មជាតិតាមបណ្តោយទន្លេមេគង្គ និងការទស្សនា សត្វព្រៃកម្រនៅក្នុងព្រៃ។
ទោះជាយ៉ាងនេះក្តីលោកបញ្ជាក់ថា ចំនួនភ្ញៀវទេសចរដែលទៅលេងខេត្តស្ទឹងត្រែងឆ្នាំនេះបានថយចុះជាង ៥០ភាគបើធៀបនឹងឆ្នាំ២០១៩ ដែលមានភ្ញៀវទៅលេងរហូតទៅដល់ ២១៣ពាន់ ១៥៩នាក់។
សំឡេង៖«និយាយជារួមទៅពាក់ព័ន្ធនឹងការធ្លាក់ចុះមូលហេតុដែលជាចម្បងយើងបានឃើញជាបញ្ហាសកល នូវជំងឺកូវីដ១៩នេះ អញ្ចឹងជាបញ្ហាសកល ដែលធ្វើឲ្យយើងចរាចរណ៍ នៅភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមានការផ្អាកនៅសកម្មភាព នៅការធ្វើដំណើរ ចរាចរណ៍ដើរកម្សាន្ត ទស្សនាទៅតាមតំបន់ទេសចរណ៍សំខាន់ៗ បាទនៅក្នុងខេត្តណា បើសិនយើងប្រៀបធៀបពីឆ្នាំ២០១៩ ឃើញថាភ្ញៀវទេសចរចេញដំណើរទៅទស្សនាចូលទៅតាមទីតាំងសំខាន់ៗមួយចំនួនជាច្រើននៅក្នុងខេត្ត ឆ្នាំ២០២០ដោយសារតែជំងឺកូវីដនេះដែលធ្វើរាំងស្ទះដល់ភ្ញៀវមិនអាច ចេញដំណើរដើម្បីមកទស្សនាកម្សាន្តបានបាទ»។
លោក អ៊ន់ បោសឿន បានឲ្យដឹងទៀថា ក្រោយបញ្ចប់នូវវិបត្តិកូវីដ១៩ អ្វីដែលជាទិសដៅ និងចក្ខុវិស័យ របស់មន្ទីរទេសចរណ៍ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ មកកាន់ខេត្តស្ទឹងត្រែង ឲ្យកាន់តែច្រើន មន្ទីរ បានកំណត់និងជំរុញផលិតការអភិវឌ្ឍនូវផលិតផលទេសចណ៍ថ្មីៗបន្ថែមទៀត ជាមួយនឹងការពង្រឹងគុណភាពទៅលើសេវាកម្ម ពិសេសការសហការជាមួយដៃគូឯកជន។
សូមបញ្ជក់ថា តំបន់ទេសចរណ៍សំខាន់ៗនៅក្នុងខេត្តស្ទឹងត្រែងបច្ចុប្បន្ននេះមាន២៣កន្លែង ហើយកំពុងតែមានភ្ញៀវទេសចរណ៍ចូលទស្សនា ក្នុងនោះសហគមន៍អេកូទេសចរណ៍មាន ៥កន្លែង និងរមណីដ្ឋានទេសចណ៍បែបកែច្នៃរបស់វិស័យឯកជនមាន២កន្លែង៕