លីគ២ Cambodian Second League របស់កម្ពុជាគ្រោងនឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកជាតិលីគ២ (Cambodian Second League) ទំនងជាចាប់ផ្ដើមប្រកួតឡើងវិញនៅចុងឆ្នាំ២០២០នេះ។
យោងតាមលិខិតជូនដំណឹងស្ដីពីការប្រកួតបាល់ទាត់សម្រាប់ឆ្នាំ២០២០ ដែលក្នុងនោះមានព្រឹត្តិការណ៍សំខាន់ៗចំនួន៦ ដែលរួមមានលីគលំដាប់ទី២កម្ពុជាផងនោះ ការឲ្យដាក់ពាក្យចូលរួមប្រកួត នឹងចាប់ទទួលចាប់ពីថ្ងៃជូនដំណឹងតទៅ រហូតដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២០ ខណៈជុំវិញកាលបរិច្ឆេទប្រកួត គឺគេគ្រោងនឹងធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០ ខណៈចំនួនក្រុមគឺអាស្រ័យទៅតាមចំនួនក្រុម ដែលបានដាក់ពាក្យចូលរួមគ្រប់លក្ខខណ្ឌ។
ក្រៅតែពីពានរង្វាន់លីគ២ ព្រឹត្តិការណ៍បាល់ទាត់ចំនួន៥ផ្សេងទៀត ក៏ត្រូវបានដាក់ឲ្យចាប់ផ្ដើមដាក់ពាក្យចូលរួមប្រកួតដូចគ្នាផងដែរ រួមមានពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២០ គ្រោងចាប់ផ្ដើមពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១, ជម្រើសជើងឯកបាល់ទាត់នារី (លីគ) គ្រោងចាប់ផ្ដើមពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១, ជម្រើសបាល់ទាត់នារី អាយុក្រោម ១៥ឆ្នាំ គ្រោងចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងពានរង្វាន់បាល់ទាត់យុវជន ២ប្រភេទអាយុផ្សេងទៀត (អាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ) គ្រោងចាប់ផ្ដើមពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
សូមបញ្ជាក់ថា លីគលំដាប់ទី២ កម្ពុជាបានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន៩ក្រុមចូលរួមប្រកួតជើងឯក គឺបានទៅក្លិបគីរីវង់សុខសែនជ័យ ខណៈនៅរដូវកាលទី២ ឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត និងជើងឯកគឺបានទៅក្លិបវិសាខា ។ ដោយឡែកនៅរដូវកាល២០១៨, ២០១៩ ខកខានមិនអាចរៀបចំដំណើរការទៅបាន៕