គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងអគ្គនាយកដ្ឋានកីឡាសោកស្តាយចំពោះមរណះភាពលោកគ្រូបង្វឹកហែលទឹក ហែម លំផាត់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សោកស្តាយខ្លាំងណាស់ ដោយលោក ហែម លំផាត់ អាយុ៤៩ឆ្នាំ ជាគ្រូបង្វឹកជម្រើសជាតិអត្តពលិកអូឡាំពិកនិងប៉ារ៉ាឡាំពិកកម្ពុជា បានទទួលមរណៈភាព នៅរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរោគាពាធ។
ឯកឧត្តមយី វាសនា អគ្គលេខាធិការគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមាន ប្រសាសន៍ដោយក្តីក្តុកក្តួលថា តាំងនាមគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានទុក្ខជាទម្ងន់ដោយលោក ហែម លំផាត់ អាយុ៤៩ឆ្នាំ ជាគ្រូបង្វឹកជម្រើស ជាតិអត្តពលិកអូឡាំពិកនិងប៉ារ៉ាឡាំពិកកម្ពុជា បានទទួលមរណៈភាព នៅរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរោគាពាធ។
ទោះជាមានការជ្រោមជ្រែងអស់លទ្ធភាពរបស់ឯកឧត្តទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែតយ៉ាងណា ក៏ដោយមិនអាចស្រោចស្រង់ជីវិតលោកគ្រូដ៏មានតម្លៃនិងជាទីគោរពបានឡើយ។”ខ្ញុំបាទយកឱកាសដ៏មានតម្លៃបន្ថែមថា លោកគ្រូ ហែម លំផាត់ មានភរិយា និងកូនប្រុស៣នាក់កូនច្បងអាយុទើបបាន ១០ឆ្នាំ។ លោកគ្រូមានស្នាដៃជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងអត្តពលិកជនពិការផ្នែកហែលទឹកជាច្រើន” ។
ឯកឧត្តមបានបន្តថា ឆ្នាំ២០១១លោកបានដឹកនាំអត្តពលិកជនពិការផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី៦ប្រទេសឥណ្ឌូនេស៊ីបានទទួលមេដាយប្រាក់១គ្រឿង សំរឹទ្ធិ៤គ្រឿងឆ្នាំ២០១៤ បានដឹកនាំអត្តពលិកជនពិការផ្នែកហែល ទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៧ ប្រទេសមីយ៉ាន់ម៉ា បានទទួល មេដាយមាស១គ្រឿង ហើយឆ្នាំ២០១៥ បានដឹកនាំអត្តពលិកជនពិការផ្នែកហែល ទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៨ ប្រទេសសឹង្ហបុរី មេដាយសំរឹទ្ធិ ១គ្រឿង និងឆ្នាំ២០១៧ បានដឹកនាំអត្ត ពលិកជនពិការ ផ្នែកហែលទឹក ចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ប្រទេសម៉ាឡេស៊ី បានមេដាយប្រាក់១ គ្រឿង សំរឹទ្ធិ១គ្រឿង។
ឯកឧត្តមអគ្គអគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជាបានបន្ថែមទៀតថា សរុបមកក្នុងការដឹកនាំរបស់លោកគ្រូ ហែម លំផាត់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានទទួលមេដាយផ្នែកហែលទឹកសរុប មាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធិ៦ គ្រឿង។ អាស្រ័យដូចបានគោរពជម្រាប សូមអញ្ជើញ គ្រូបង្វឹក អត្តពលិកជនពិការ និងសាធារណៈជនមេត្តាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយយើងខ្ញុំ ដើម្បីចាត់ទុក ជាការដឹងគុណ សម្តែងនូវការអាឡោះអាល័យជាពន់ពេកនិងបួង សួងសូមដួងវិញ្ញាណខ័ន្ត លោកគ្រូបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នឹកជារៀងរហូត…។
ចំពោះឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ហែម លំផាត់ ដែលជាបុគ្គលិកអប់រំនៃនាយកដ្ឋានអប់រំកាយ និងកីឡាផងដែរ។ក្នុងនោះ ឯកឧត្តមបាននាំយកថវិកាលោកបណ្ឌិតសភាចារ្យចំនួន ២លានរៀល លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាថវិកានាយកដ្ឋានអប់រំកាយ និងកីឡា ចំនួន ១លានរៀល និងថវិកាផ្ទាល់ខ្លួន ចំនួន ២០ម៉ឺនរៀល ថវិកាអង្គភាពមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ចំនួន ៥០ម៉ឺនរៀល និងថវិកាមន្ដ្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាចំនួន៧៥ម៉ឺន៥ពាន់រៀលនិង២០ដុល្លារអាមេរិក ចូលរួមបច្ច័យដល់ក្រុមនៃគ្រួសារសព៕