សហព័ន្ធទេសចរណ៍កម្ពុជាបង្ហាញមុខម្ហូបខ្មែរល្បីៗដែលទទួលការគាំទ្រពីភ្ញៀវ

វិទ្យុជាតិកម្ពុជា: ដោយលោកស្រី ទុយ សូលីដា ១៤.០៧.២០២០


MC៖ សហព័ន្ធទេសចរណ៍កម្ពុជា បានឱ្យដឹងថា បាយឆាក្ដាមសេះ សាច់គោសារម៉ាន់ចំហុយជាមួយបាយសខ្ចប់ស្លឹកឈូក សម្លម្ជូរគមដូង សម្លកកូរ ជាដើមនេះ កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម…………………..
លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ភោជនីយដ្ឋានល្បីៗមួយចំនួនបាននឹងកំពុងយកមុខម្ហូបខ្មែរទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលទៅទទួលយកសេវារបស់ខ្លួនបន្ថែមទៀត។
លោកមានប្រសាសន៍ថា មុខម្ហូបខ្មែរដែលសមាគមចុងភៅបង្កើតឡើងនៅតាមហាងនីមួយៗ គឺចង់បង្ហាញពីរស់ជាតិប្រចាំតំបន់ ប្រចាំប្រទេស និងបង្ហាញពីភោគផលពីធម្មជាតិនៃខេត្តនីមួយៗរបស់ប្រទេសកម្ពុជាដល់ភ្ញៀវទេសចរ។
សំឡេង៖ «អ្វីដែលខ្ញុំច្នៃម្ហូបប្រចាំហាងទាំងអស់ហ្នឹង យើងចង់ផ្សព្វផ្សាយនៅពេលដែលភ្ញៀវទេសចរនៅភ្នំពេញ គាត់ហូបហើយ គាត់បានស្គាល់ពីម្ហូបនៅតាមខេត្ត។ គឺគាត់ស្គាល់កំពតផង កំពង់សោមផង កោះកុងផង សៀមរាបផង គាត់ញ៉ាំហើយ ថ្ងៃណាមួយគាត់ទៅដើរលេងនៅតំបន់នីមួយៗហ្នឹង ក៏គាត់អាចស្គាល់ហើយផ្សព្វផ្សាយទៅវិញទៅមក។ នេះជាអត្តសញ្ញាណរបស់ខ្មែរយើង ដែលខុសគ្នាពីប្រទេសជិតខាង ចុងភៅយើងបង្កើតមុខម្ហូបថ្មីហ្នឹង គឺផ្ដល់ឱកាស និងផ្សព្វផ្សាយពីគ្រឿងផ្សំម្ហូប និ ត្រី សាច់ បន្លែ អាចជួយដល់កសិករដែលដាំដំណាំចិញ្ចឹមត្រី សាច់ គាត់អាចមានឱកាសលក់បានថ្លៃដើមខ្ពស់។ ចឹងគាត់មានចំណូលគួរសម» ។
លោកបន្ថែមថា ដើម្បីឱ្យម្ហូបប្រចាំហាង កាន់តែមានរស់ជាតិឈ្ញុយឆ្ញាញ់ នៅក្នុងហាងនីមួយៗ បានប្រើនូវប្រភេទអង្ករដែលសម្រិតសម្រាំងដោយស្នាដៃកសិករខ្មែរមានដូចជា៖ អង្ករផ្កាខ្ញី អង្ករបីកំណាត់ និងអង្ករផ្ការម្លិះ។
សូមបញ្ជាក់ថា សមាគមចុងភៅរដ្ឋ បានសហការជាមួយសមាគមចុងភៅឯកជន នាំយកម្ហូបខ្មែរប្រចាំតំបន់ក្នុងខេត្តនីមួយៗនៃប្រទេសកម្ពុជា ទៅប្រកួតប្រជែងនៅប៉ែកខាងអឺរ៉ុប ទៅប្រទេសចិន ដើម្បីទទួលបានរង្វាន់ពីផ្នែកសេវាកម្មម្ហូបអាហារ សំដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកប្រទេសកម្ពុជាដែរសំបូរទៅដោយតំបន់ទេសចរធម្មជាតិ និងបានទទួលទានម្ហូបអាហារដែលមានរស់ជាតិឆ្ញាញ់ថែមទៀតផង៕