កុំព្យូទ័រថាប្លេតចំនួន១៧០០គ្រឿងដែលជាជំនួយរបស់យូអិនឌីភី នឹងជួយពន្លឿនប្រសិទ្ធិភាពការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖អត្ថបទ វ៉ែន សុវុទ្ធី


MC:មន្ត្រីជាន់ខ្ពស់នៃក្រសួងផែនការបានឲ្យដឹងថា ជំនួយកុំព្យូទ័រថាប្លេតចំនួន១៧០០ គ្រឿងដែលគាំទ្រដោយយូអិនឌីភីនឹងជួយពន្លឿនប្រសិទ្ធិភាពការងារក្នុងកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។
ក្នុងពិធីប្រគល់ និងទទួលថាប្លេតរវាងក្រសួងផែនការនិងតំណាង អង្គការUNDP សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើរសុំ អំឡុងពេលកូវីដ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការបានបញ្ជាក់ឲ្យដឹងថា ដោយពិនិត្យមើលឃើញពីការលំបាក និងតបតាមការស្នើសុំរបស់ក្រសួងផែនការ នៅពេលនេះ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា UNDPបានឧបត្ថម្ភថាប្លេតចំនួន១៧០០គ្រឿងបន្ថែមដល់ក្រសួងផែនការ ដើម្បីបើកផ្តល់បន្តជូនឃុំ សង្កាត់ទូទាំងប្រទេស ក្នុងការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ១៩នេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
(សំឡេង)៖ «នៅពេលយើងរំលែកថាប្លេតមកប្រើប្រាស់ក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រទំហំការងារវាធំហើយល្បឿននៃការវាមិនអាចសម្រេចតាមដែលការចង់បានចឹងពេលបានយើងឲ្យមានការស្នើរសុំជួយឧបត្ថម្ភបន្ថែមពីUNDP អូស្ត្រាលីក៏បានចូលរួមផ្តល់នៅថាប្លេតចំនួន១៧០០គ្រឿង។ ហើយយើងសង្ឃឹមថាថាប្លេត១៧០០នេះគឺយើងនិងប្រើប្រាស់ផ្ទាល់តែទៅលើតែការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រដូចច្នេះប្រសិទ្ធិភាពការងារនិងល្បឿននិងឆាប់»។
លោក Nick Beresford តំណាងនិវេសដ្ឋាន យូអិនឌីភី ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលី និង យូអិនឌីភី បានផ្តល់កុំព្យូទ័រថាប្លេតទាំងនេះដល់ក្រសួងផែនការ ក្នុងគោលដៅជួយដល់ការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម ដើម្បីធានាថា គ្រួសារដែលបានចុះឈ្មោះទទួលបានបណ្ណសមធម៌អាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ។
លោកបានបន្តថា ការផ្តល់ជំនួយនេះ វាជាការចូលរួមធ្វើឲ្យកិច្ចការគាំពារសង្គមរបស់អង្គការសហប្រជាជាតិកាន់តែធំទូលាយ និងកសាងភាពជាដៃគូជាមួយអង្គការ GIZ ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងនូវប្រព័ន្ធកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមប្រព័ន្ធឌីជីថលពេញលេញមួយ។
សូមជម្រាប់ថា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋាភិបាលសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងរដ្ឋាភិបាលអូស្ត្រាលីតាមរយៈអង្គការ GIZ បានផ្តល់នូវកុំព្យូទ័រថាប្លេតចំនួន ៩៨៧ គ្រឿងជូនក្រសួងផែនការ ដើម្បីធ្វើការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ៕