សម្ដេចក្រឡាហោម ស ខេង បញ្ជាឱ្យភាគីពាក់ព័ន្ធផ្ដល់សាច់ប្រាក់១លានដុល្លារ ដល់ប្រជាពលរដ្ឋចំណាកស្រុកឱ្យតម្លាភាព

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៥ ០៧ ០២០

MC៖សម្ដេចក្រឡាហោមស ខេង បានបញ្ជាឱ្យភាគីពាក់ព័ន្ធត្រូវផ្ដល់សាច់ប្រាក់១លានដុល្លាររបស់អង្គការប្រជាជាតិជូនដល់ប្រជាពលរដ្ឋចំណាកស្រុកឱ្យតម្លាភាព ដើម្បីជួយលើកម្ពស់ជីវភាពរស់នៅរបស់ពលករឱ្យមានភាពល្អប្រសើរបានមួយកម្រិត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អង្គការសហប្រជាជាតិបានផ្ដល់មូលនិធិចំនួនទឹកប្រាក់១លានដុល្លារអាមេររិក ដើម្បីជួយដល់ជនទេសន្តរប្រវេសន៍កម្ពុជា ដែលបានរងផលប៉ះពាល់សេដ្ឋកិច្ច ដោយការរាតត្បាតជំងឺកូវីដ-១៩ 

ក្រោយបញ្ចប់កិច្ចប្រជុំជាន់ខ្ពស់ រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាព្រឹកទី១៥ ខែកក្កដា នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមបានបញ្ជាក់ថា មូលនិធិនេះ ត្រូវចាត់ចែងប្រើប្រាស់ថវិកាឱ្យចំគោលដៅបំផុត ដើម្បីធ្វើយ៉ាងណាទទួលប្រសិទ្ធភាព និងមានតម្លាភាព ។

សំឡេង«អង្គការសហប្រជាជាតិបានផ្ដល់មូលនិធិ ដើម្បីជួយដល់ទេសន្តរប្រវេសន៍ ចំនួនទឹកប្រាក់១លានដុល្លារ ហើយកិច្ចប្រជុំថ្ងៃនេះ គឺយើងជួបជុំគ្នា រវាងភាគីពាក់ព័ន្ធរបស់ភាគីកម្ពុជា និងភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីរៀបចំកម្មវិធីរួមគ្នា ក្នុងការចាត់ចែង និងប្រើប្រាស់ថវិកានេះឲ្យមានប្រសិទ្ធភាព និងតម្លាភាព ហើយបានដល់មុខសញ្ញា និងគោលដៅ ជាពិសេសគឺពលករចំណាក់ស្រុក ឬជនទេសន្តរប្រវេសន៍ ដែលជួបបញ្ហា»។

សូមបញ្ជាក់ថា គម្រោងនៃមូលនិធិនេះ មានរយៈពេល៦ខែ និងអនុវត្ដខេត្តគោល ដៅចំនួន៣ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប៕