ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងាររដ្ឋាភិបាលចំនួន ១៨ នឹងត្រូវរំសាយ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០​ — ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាននិយាយថា ទីភ្នាក់ងាររដ្ឋាភិបាលចំនួន ១៨ នឹងត្រូវរំសាយនៅក្នុងរយៈពេលខាងមុខនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានប្រធានាធិបតីកាលពីថ្ងៃទី១៣ ខែកក្កដា លោកបានកត់សម្គាល់ថា ការរំសាយនេះមានគោលបំណងកាត់បន្ថយបន្ទុកទៅលើថវិការដ្ឋ ចំពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោក វីដូដូ សង្ឃឹមថា រចនាសម្ព័ន្ធនៃអង្គការនៅក្នុងរដ្ឋាភិបាលនឹងជួយឱ្យការងារបានលឿនរហ័ស។ លោកប្រធានាធិបតីរូបនេះបានលើករឿងនេះឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ១៨ ខែមិថុនា។ លោកបានព្រមានពីលទ្ធភាពនៃការរុះរើគណៈរដ្ឋមន្រ្តី និងការរំសាយទីភ្នាក់ងាររដ្ឋាភិបាលមួយចំនួន ចំពោះការខកខានរបស់ពួកគេក្នុងការដោះស្រាយបញ្ហានៃជំងឺរាតត្បាត និងផលប៉ះពាល់សេដ្ឋកិច្ច៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)