ជំងឺកូវីដ-១៩ នៅតែបន្តរាលដាលនៅតំបន់អាស៊ីអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០​ — ប្រទេសហ្វ៊ីលីពីនបានកត់ត្រានូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៦៣៤ករណីកាលពីថ្ងៃទី ១៤ ខែកក្កដា និងមានមនុស្ស ៦នាក់បានស្លាប់ដោយសារជំងឺនេះ ដោយបង្កើនចំនួនសរុបនៃអ្នកឆ្លងជំងឺនេះនៅក្នុងប្រទេសហ្វីលីពីនដល់ទៅ ៥៧.៥៤៥នាក់ និងមានអ្នកស្លាប់ ១.៦០៣នាក់។

នេះ គឺជាចំនួនអ្នកឆ្លងថ្មីទាបបំផុតប្រចាំថ្ងៃក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។ នៅថ្ងៃដដែល ប្រទេសឥណ្ឌូណេស៊ីបានប្រកាសអំពីករណីឆ្លងថ្មីចំនួន ១.៥៩១ករណី និងមានអ្នកស្លាប់ចំនួន ៥៤នាក់។ ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះមាន ៧៨.៥៧២នាក់ ដែលមានអ្នកស្លាប់ចំនួន ៣.៧១០នាក់។

ការផ្ទុះឡើងដ៏ធំមួយត្រូវបានគេរកឃើញនៅសាខាវិទ្យុជាតិឥណ្ឌូណេស៊ី (RRI) នៅខេត្តស៊ូរ៉ាបាយ៉ា (RRI) នៅកោះជ្វាខាងកើត ដែលមានបុគ្គលិកចំនួន ៥៤នាក់ធ្វើតេស្តវិជ្ជមានចំពោះជំងឺ SARS-CoV-2 នេះ។

កោះជ្វាខាងកើតបានលេចចេញជាចំណុចរញ្ជួយថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូណេស៊ីចាប់តាំងពីចុងខែឧសភាមក ដោយមានអ្នកឆ្លងចំនួន ១៦.៨៧៧ករណី ដែលជិតស្មើនឹងពាក់កណ្តាលនៃអ្នកឆ្លងនៅក្នុងខេត្តស៊ូរ៉ាបាយ៉ា។

ទន្ទឹមនឹងនេះដែរ នៅក្នុងប្រទេសថៃ រដ្ឋាភិបាលបានហាមឃាត់ជាបណ្ដោះអាសន្ននូវការចូលរបស់អ្នកការទូតបរទេស និងអ្នកតំណាងក្រុមហ៊ុនអាជីវកម្ម ជាពិសេសបន្ទាប់ពីកូនស្រីវ័យក្មេងរបស់អ្នកតំណាងស៊ូដង់ម្នាក់ត្រូវបានគេរកឃើញថា បានឆ្លងវីរុសនេះបន្ទាប់ពីក្រុមគ្រួសារបានមកពីរដ្ឋធានី Khartoum នៃប្រទេសស៊ូដង់។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ នៃប្រទេសថៃ (CCSA) បានប្រកាសការផ្អាកនេះកាលពីថ្ងៃទី ១៤ ខែកក្កដា ដោយលោកបាននិយាយបន្ថែមថា វានឹងនៅតែមានជាធរមាន ខណៈដែល CCSA កំពុងដោះស្រាយចន្លោះប្រហោងក្នុងវិធានការរបស់ខ្លួនដើម្បីគ្រប់គ្រងជំងឺនេះ។

កាលពីថ្ងៃទី ១៤ ខែកក្កដា ប្រទេសថៃបានកត់ត្រានូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៧ករណី ដែលអ្នកដែលឆ្លងទាំងអស់នោះជាពលរដ្ឋថៃដែលវិលត្រឡប់មកពីបរទេសវិញ ដោយធ្វើឱ្យករណីសរុបនៅក្នុងប្រទេសនេះបានកើនដល់ ៣.២២៧នាក់ ដោយមានអ្នកស្លាប់ចំនួន ៥៨នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)