មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបសហការជាមួយអ្នកពាក់ព័ន្ធនិងផ្គត់ផ្គងទឹកស្អាតឲ្យបាន៩០%នៅទូទាំងខេត្តនៅឆ្នាំ២០២៣ខាងមុខ

វិទ្យុជាតិកម្ពុជា៖  លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប 

MC៖មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបប្តេជ្ញាសហការបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធដើម្បីផ្គត់ផ្គង់ទឹកស្អាត ឲ្យបាន៩០% ដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ជនបទនៅឆ្នាំ២០២៣ខាងមុខខណៈបច្ចុប្បន្នលទ្ធផលសម្រេចបាន៧៣,៩០%។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនៈភាពក្នុងការអនុវត្តផែនការសកម្មភាពស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ លោកខេង ញុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ​ជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលក្រសួង និងមន្ទីរបាននឹងកំពុងអនុវត្តជារៀងរាល់ថ្ងៃ ធ្វើយ៉ាងណាធ្វើការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ប្រកបដោយ និរន្តភាព ដោយត្រូវមានការសហការជាមួយអ្នកពាក់ព័ន្ធ សម្រេចឲ្យបានតាមផែនការថ្នាក់ជាតិដែលបានគ្រោងទុក។

លោកបន្ថែមទៀតថា ដើមឆ្នាំ២០២០នេះ អត្រាផ្គត់ផ្គង់ទឹកស្អាតមានចំនួន៧៣,៩០% អត្រាគ្របដណ្តប់អនាម័យមាន៧៤,៦០% បើប្រៀបធៀបនិងទស្សនវិស័យនៅឆ្នាំ២០២៣វិញនៅ គឺនៅខ្វះ១៦.០១%និងផ្នែកអនាម័យនៅខ្វះ១៥.០៤%ទៀតសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។

សំឡេង៖«ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលក្រសួងបានយកចិត្តទុកដាកយ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណា ឲ្យមានការផ្គត់ផ្គង់ផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋ និយាយជាមួយកឺចម្រេចឲ្យបាន នូវទិសដៅរបស់រាជរដ្ឋាភិបាល ឆ្នាំ២០២៣អត្រាផ្គត់ផ្គង់ទឹកស្អាតឲ្យ៩០% និងទស្សនវិស័យនៅឆ្នាំ២០២៥ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទត្រូវមានទឹកស្អាតនិងអនាម័យគ្រប់គ្រាន់ ប្រកបដោយនិរន្តភាពយ៉ាងណាមិញមន្ទីរអភិវឌ្ឍជនបទខេត្តសៀមរាប បាននិងកំពុងធ្វើការងារនេះយ៉ាងសកម្ម ជាមួយអាជ្ញាធរខេត្ត ស្រុក ភូមិ ឃុំ និងអង្គការដៃគូ ការលើកកម្ពស់ផ្នែកទឹកស្អាតនិងអនាម័យ ជាលទ្ធផល ឆ្នាំ២០១៩គឺអត្រាផ្គត់ផ្គង់ទឹកស្អាតមាន៧៣.90%អត្រាគ្របដណ្តប់អនាម័យមាន៧៤.៦០%នេះជាប្រភពស៊ីឌីប៊ី ២០២០ បើសិនយើងប្រៀបធៀប ទស្សនវិស័យឆ្នាំ២០២៣ ត្រូវឲ្យមានការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យឲ្យបាន៩០%យើងឃើញថា ផ្នែកទឹកស្អាតនៅខ្វះ១៦.០១%ទៀត និងផ្នែកអនាម័យនៅខ្វះ១៥.០៤%សម្រាប់រយៈពេល៣ឆ្នាំ។ដោយឡែកសម្រាប់ទស្សនវិស័យនៅឆ្នាំ២០២៥សម្រេចឲ្យបាន១០០%វិញនោះខេត្តសៀមរាបផ្នែកទឹកស្អាតនៅខ្វះ២៦.០១%និងផ្នែកអនាម័យនៅខ្វះ២៥.០៤%សម្រាប់រយៈពេល៥ឆ្នាំ»។

លោកង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាបក៏បានជំរុញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវខិតខំបន្ថែមទៀត ក្នុងការសហការជាមួយដៃគូពាក់ព័ន្ធនានា ដើម្បីសម្រេចឲ្យបានតាមផែនការគ្រោងទុកនៅក្នុងឆ្នំា២០២៣ខាងមុខ អត្រាផ្គត់ផ្គង់ទឹកស្អាតនៅជនបទចំនួន៩០%និងនៅក្នុងឆ្នាំ២០២៥សម្រេចឲ្យបាន១០០%។​លោកបន្តថា ដោយសារ បញ្ហាទឹកស្អាត ជាតម្រូវការចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្រីក្រ តាមទីជនបទនានា។

សំឡេង៖«ការងារទឹកស្អាតចាំបាច់សម្រាប់ប្រជាពលរដ្ឋក្រីក្រនៅតំបន់ជនបទ ហើយឲ្យស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលយើង ចឹងកង្វះខាតទឹកស្អាតវាប៉ះពាល់ច្រើនដែរ ពាក់ព័ន្ធនិងសុខភាពប្រជាពលរដ្ឋ ចឹងដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលឆ្នាំ២០២០នេះបញ្ហាទឹកស្អាតទើបសម្រេចបាន៧៣% រួមទាំងអនាម័យផងដែរ ប៉ុន្តែគោលដៅឆ្នាំ២០២៣ខាងមុខធ្វើយ៉ាងណាសម្រេចឲ្យបាន៩០% ចឹងកន្លែងនេះ ជាការងារសំខាន់សម្រាប់បងៗទាំងអស់គ្នា យើងធ្វើយ៉ាងណាជំរុញការងារនេះបន្ថែម នៅឆ្នាំ២០២៥នោះ ដែលជាគោលដៅចម្បង គឺធ្វើយ៉ាងណាឲ្យមានកំណើនទឹកស្អាតឲ្យមានកំណើនក្នុងរង្វង៥ទៅ៦%ក្នុង១ឆ្នាំ ចឹងការងារទាំងនេះជាការងារច្រើន ទាមទារឲ្យយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីការងារដំណើរការតាមគោលដៅ២០២៣របស់យើងនិងឈានទៅ២០២៥នៅក្នុងខេត្តសៀមរាបយើង»។

គួរជម្រាបផងដែរថា នៅក្នុងផែនការយុទ្ធសាស្រ្តថ្នាក់ជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទធ្វើយ៉ាងណានៅក្នុងឆ្នាំ២០២៥ខាងមុខប្រជាជនគ្រប់រូបរស់នៅតំបន់ជនបទ១០០%និងទទួលបានការផ្គតផ្គង់ទឹកដែលមានការកែលម្អប្រកបដោយនិរន្តរភាព៕