ស្នងការនគរបាលខេត្តរតនៈគីរីពង្រីកការផ្សព្វផ្សាយផលប៉ះពាល់បង្កឡើងដោយគ្រឿងញៀនទៅកាន់សហគមន៍មូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០


MC:ស្នងការនគរបាលខេត្តរតនៈគីរី បន្តពង្រីកការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនទៅកាន់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនអោយអស់នៅមូលដ្ឋាន។
អ្នកយកព័ត៌មានយើងធ្វើសចក្តីរាយការណ៍………………….
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនៈគីរី បានមានប្រសាសន៍ថា ស្នងការដ្ឋាននគរបាលខេត្តរតនៈគីរីសព្វថ្ងៃនេះ បានបន្តអប់រំផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋក៏ដូចជាយុវជន និងសិស្សានុសិស្សនៅទូទាំងខេត្ត ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនឲ្យពួកគាត់បានយល់ដឹងពីច្បាប់ស្តីពីគ្រឿងញៀន សហការ និងទបស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាចូលរួមលុបបំបាត់ឲ្យអស់នៅមូលដ្ឋានភូមិឃុំ សង្កាត់គ្មានគ្រឿងញៀន។
ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនៈគីរី កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ2020 នាទីស្តីការគណៈរដ្ឋមន្រ្តី លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងទៀតថា ស្នងការដ្ឋាននគរបាលខេត្តបានដាក់យន្ដការចុះពង្រឹងគោលដៅនៅតាមភូមិ ឃុំ សង្កាត់ និងក្រុង ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខ សុវត្តិភាពសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តឲ្យបានល្អប្រសើរ។
(សំឡេង)«ដោយមានការចូលរួមសហការគាំទ្រពីអាជ្ញាធរ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ក្នុងការទទួលខុសត្រូវលើការងារ សន្តិសុខនិងសុវត្ថិភាពនៅក្នុងមូលដ្ឋាននគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដោយចុះផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋបានចំនួន ១៧៩៣ លើកប្រជាជនប្រជាពលរដ្ឋចូលរួមចំនួន ៨៧០៥៩ នាក់ក្នុងនោះស្រី ៤៣១៣៤និងបានចូលរួមវេទិកាពិគ្រោះយោបល់ជាមួយ ថ្នាក់ជាតិ ថ្នាក់ខេត្តនិងស្រុកចំនួន ៨៧៦ លើក ប្រជាពលរដ្ឋចូលរួមចំនួន ៤៧២៥៣ នាក់ ស្រី ២០៩១០នាក់និងបានចូលរួមចលនាប្រជាការពារស្ម័គ្រចិត្តចូលរួមជាកម្លាំងប្រជាការពារក្នុងខេត្តសរុបចំនួន ២៥២០ »។
លោកឧត្តមសេនីយ៍ទោក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន ដោយរាយការណ៍មកសមត្ថកិច្ច ពេលដែលមានករណី ជួញដូរ រឺ ប្រើប្រាស់គ្រឿងញៀន ទៅសមត្ថកិច្ចដែលនៅជិតបំផុត ឲ្យបានទាន់ពេលវេលា ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តរតនៈគីរី បានអោយដឹងថា បទល្មើស ព្រហ្មទណ្ឌក្នុងឆ្នាំ២០១៩ នៅឆមាសទី១ ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌបានកើតឡើងសរុប ៤៤ លើក បទឧក្រិដ្ឋ ៥លើក បទមជ្ឈឹម ៣៩ លើក ក្នុងនោះជាវឌ្ឍនភាពដែលសមត្ថកិច្ចរួមគ្នាបង្ក្រាប ៤១ បានន័យថាកើត ៤៤ យើងបង្ក្រាបបាន ៤១៕