ប្រមុខរាជរដ្ឋាភិបាលអំពាវនាវដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបាត់បង់ការងារ ងាកមកចិញ្ចឹមត្រី ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ១៥.០៧.២០២០


MC៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី ដែលបម្រើការងារនៅក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលបានបាត់បង់ការងារ ក្នុងវិបត្តិជំងឺកូវីដ១៩ សូមងាកមកចិញ្ចឹមត្រី ហើយរាជរដ្ឋាភិបាល នឹងផ្ដល់ជូនដើមទុនដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនខ្លាចនឹងវិនិយោគ ជំរុញប្រជាពលរដ្ឋចិញ្ចឹមត្រីនោះឡើយ ព្រោះជាការផ្តល់ការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា យើងធ្វើស្រែនិងចិញ្ចឹមត្រីបន្ថែម ដើម្បីទទួលបានប្រាក់ចំណូល ព្រោះនេះគឺវាជាឱកាស ដែលយើងត្រូវតែចេះចាប់យក។ សម្ដេចតេជោ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងឧបត្ថម្ភសាច់ប្រាក់ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ប្រមាណ១៧ម៉ឺននាក់ ក្នុងមួយខែ៤០ដុល្លារ ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
«សំឡេង៖ ខ្ញុំអំពាវនាវឲ្យបងប្អូនកម្មករ កម្មការិនី និងបងប្អូនដែលត្រឡប់ពីថៃ ចូលរួមនៅក្នុង វិស័យកសិកម្ម ជំរុញវិស័យកសិកម្ម ឥឡូវបង្កើតមុខរបររបៀបចិញ្ចឹមត្រី ឥឡូវបើ៥០ម៉ឺន ដុល្លារបើវាមិនគ្រប់ យើងបន្ថែម ដើម្បីឲ្យអ្នកទាំងនោះចិញ្ចឹមត្រីអណ្ដែង ឲ្យពួកគាត់មានដើមទុនអានឹងយើងឲ្យទទេ កូនត្រីក៏យើងឱ្យទទេ តង់យើងឱ្យទទេ ហើយយើងទៅជួយបង្ហាត់បង្ហាញ ឲ្យគាត់មានមុខរបរ ។ យើងមិនមែនត្រឹមតែត្រីឯណា យើងធ្វើស្រែ តែយើងចិញ្ចឹមត្រីបន្ថែម ដើម្បីរកប្រាក់ចំណូល ព្រោះវាជាឱកាស ។»
ក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យប្រជាកសិករបន្តចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការគ្រួសារ និងការនាំចេញ។ ហើយក្រសួងកសិកម្មត្រូវខិតខំបន្ថែមទៀត ដែលចាប់ពីពេលនេះតទៅ ដោយយើងមិនអាចពឹងការ ធ្វើវារីវប្បកម្មដោយត្រីធម្មជាតិទៀតនោះទេ គឺយើងត្រូវជំរុញឲ្យប្រជាកសិករខិតខំចិញ្ចឹមដោយខ្លួនឯងតាម រយៈការបណ្តុះបណ្តាលពីក្រសួងកសិកម្ម។ ហេតុដូចនេះក្រសួងឬមន្ទីរកសិកម្ម ត្រូវបន្តការយកចិត្តទុកដាក់បន្ថែមទៀត ដូចជាបណ្តុះបណ្តាលជំនាញបន្ថែម ដល់ប្រជាកសិករ នូវបច្ចេកទេសចិញ្ចឹមសត្វ និងការផ្តល់សម្ភារបច្ចេកទេស និងឲ្យក្រសួងកសិកម្ម គិតគូក្នុងការរៀបចំដី បង្កើតជាស្រះសម្រាប់ជួយផ្គត់ផ្គត់ទឹកជូនប្រជាកសិករ៕