លោក ឃឹម ហ្វីណង់៖ កសិទេសចរណ៍» និងការចិញ្ចឹមសត្វ បង្កើតអត្តសញ្ញាណថ្មីរបស់អ្នកស្រុកបន្ទាយស្រីខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

សៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា  «កសិទេសចរណ៍» និងការចិញ្ចឹម​​សត្វ​តាមបែបអ្នកតំបន់ភ្នំ៖ បង្កើតអត្តសញ្ញាណថ្មីនៃម្ហូប​​អាហារប្រចាំតំបន់ និងបង្ហួត​បង្ហាញ​ពី​​​ចំនុចពិ​សេស​​​នៃទំនៀមទម្លាប់​របស់អ្នករស់នៅតាមតំបន់​​ភ្នំនៅ​ក្នុងស្រុកបន្ទាយស្រី ដើម្បីជា​​មូលដ្ឋាន​​ដណ្តើម​​យកឧត្តមភាពនៃការប្រកួតប្រជែងខាងផ្នែកទេសចរណ៍។

លោកអភិបាលស្រុកវ័យក្មេងបានលើកឡើងបែបនេះ នៅលើគណនីយ​ហ្វេស​បុករបស់​​លោក​​នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០នេះ។

លោក អភិបាលស្រុកបានបន្តថា ថ្ងៃនេះ សុំលើកយកពីហេតុផលដែលធ្វើអោយរដ្ឋបាល​​ស្រុក​​បន្ទាយ​​​​ស្រីចង់ជម្រុញការងារកសិទេសចរណ៍បន្តិច តែសូមផ្តោតជាពិសេសលើការចិញ្ចឹមសត្វវិញម្តង។ បើធៀបជាមួយនឹងក្រុងសៀមរាប ដែលជាតំបន់ទំនាបកណ្តាល អ្នកបន្ទាយស្រីអាចចាត់ទុកថា​​ជាអ្នកលើរឺអ្នកភ្នំ ចំណែកឯអ្នករស់នៅតាមបឹងទន្លេសាប អាចហៅថាអ្នកក្រោម រឺអ្នកទន្លេ។

ការសិក្សា​ពីប្រវត្តិសាស្ត្រ និងភូមិសាស្ត្របង្ហាញថា ទំនៀមទម្លាប់របស់ពួកគាត់ទាំងពីរក្រុមនេះ​មានលក្ខណៈខុសគ្នាឆ្ងាយណាស់ ជាពិសេសទៅលើការប្រកបរបរចិញ្ចឹមជីវិត ដោយអ្នកទន្លេពឹងផ្អែក​​ខ្លាំង​​ទៅលើការនេសាទ និងវារីវប្បកម្ម ចំណែកឯអ្នកតំបន់ភ្នំច្រើនផ្តោតលើការធ្វើចម្ការ និងការចិញ្ចឹម​​សត្វ​​ទៅ​វិញ។ ហេតុដូច្នេះហើយ បានជាខ្ញុំយល់ឃើញថា អ្នកបន្ទាយស្រីគួរផ្តោត​​យកចិត្តទុកដាក់​​ទៅលើមុខរបរដែលអាចផ្តល់ភាពមានប្រៀបដោយកត្តាអំណោយផលពីធម្មជាតិដែលមានស្រាប់ ជាជាងប្រឹងជម្នះ និងប្រដូចខ្លួនទៅនឹងតំបន់ដទៃ ព្រោះការសម្របខ្លួនទៅតាមលក្ខខណ្ឌធម្មជាតិ ងាយស្រួលនឹងទទួលបានឧត្តមភាពប្រកួតប្រជែងខាងផ្នែកសេដ្ឋកិច្ចបានឆាប់រហ័ស។

ស្ថានភាពភូមិសាស្ត្រនៃស្រុកបន្ទាយស្រីស័ក្តិសមនឹងការធ្វើចម្ការ និងការចិញ្ចឹមសត្វយ៉ាងខ្លាំង ប៉ុន្តែបន្ទាយស្រីក៏ជាស្រុកដែលមានសក្តានុពលធំខាងផ្នែកទេសចរណ៍មួយដែរ ដូច្នេះហើយ ប្រជាកសិករនៅក្នុងស្រុកគួរចាប់យកការចិញ្ចឹមសត្វប្រភេទណា ដែលចំនេញផង និងបម្រើអោយ​​វិស័យទេសចរណ៍ផង។ កន្លងមកការចិញ្ចឹមមាន់ស្រែបានបង្កើតទីផ្សារយ៉ាង​​ធំទូលាយរួចមកហើយ​​ដល់កសិករនៅក្នុងស្រុក ហើយការងារនេះក៏នឹងនៅតែបន្តផងដែរ ក៏ប៉ុន្តែខ្ញុំពិតជាចង់ឃើញ​​រមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា មានចំនុចខ្លាំងខាងផ្នែកម្ហូបអាហាររបស់ខ្លួន​​ផ្សេងៗគ្នាទៅ​​តាមតំបន់នីមួយៗ មិនមែនទៅកន្លែងណាក៏មានតែមាន់ដុតដូចៗគ្នានោះទេ។

ជាឧទាហរណ៍ជ្រូកកណ្តុរគឺជាប្រពៃណីចិញ្ចឹមសត្វមួយរបស់អ្នកភ្នំគូលែន ដោយយកជ្រូកស្រុក​បង្កាត់នឹងជ្រូកព្រៃ រួចហើយចិញ្ចឹមនៅក្នុងព្រៃមុននឹងយកវាមកធ្វើជាម្ហូបអាហារ ហើយជ្រូកកណ្តុរមានរ​សជាតិគួរអោយទាក់ទាញខ្លាំងណាស់ ថែមទាំងមានតម្រូវការច្រើន និងតម្លៃទីផ្សារខ្ពស់ទៀតផង។

ក្រៅពីនេះ គេសង្កេតឃើញការចិញ្ចឹមសត្វប្រភេទខ្លះទៀត ក៏មានភាពសមស្របខ្លាំងនឹងតំបន់ចម្រាក់​​ភ្នំដែរ ដូចជាការចិញ្ចឹមសត្វពពែ រឺសត្វចៀមជាដើម ព្រោះតំបន់ទាំងនេះពិបាកក្នុងការដាំដំណាំរឺធ្វើ​ចម្ការ។​ រដ្ឋបាលស្រុកនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការគាំទ្រក្រោមរូបភាពផ្សេងៗ ក៏ដូចជាសហ​ការជាមួយអង្គការដៃគូនានា ផ្តល់ជាជំនួយជំនាញបច្ចេកទេស ស្វែងរកទីផ្សារ និងផ្សព្វផ្សាយអោយ​​បានទូលំទូលាយជូនកសិករទាំងឡាយណា ដែលចាប់អារម្មណ៍លើការងារចិញ្ចឹមសត្វ​​ប្រភេទទាំងនេះផងដែរ។

ភាពប្លែកបង្កើតភាពទាក់ទាញ ដែលជាហេតុផលចម្បងដែលជំរុញអោយមាន​ការរីកលូតលាស់នៃវិស័យ​​ទេសចរណ៍ ហើយបើយើងអាចបង្កើតភាពទាក់ទាញ​​នៅក្នុងតំបន់នីមួយៗបាន នោះវានឹងផ្តល់ហេតុផល​​រឹតតែច្រើនអោយអ្នកទេសចរដែលមកកាន់ខេត្តសៀមរាបទៅទស្សនាតំបន់ផ្សេងៗគ្នានៅក្នុងខេត្ត។

សង្ឃឹមថាថ្ងៃណាមួយ យើងនឹងមានអត្តសញ្ញាណនៃម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់នីមួយៗច្បាស់លាស់ ដើម្បីបម្រើអោយភាពសម្បូរបែបនៃវិស័យទេសចរណ៍ ហើយយើងនឹងអាចនាំគ្នានិយាយថាតោះ! ទៅញ៊ាំជ្រូកកណ្តុរនៅបន្ទាយស្រី! តោះ! ទៅញ៊ាំពពែអាំងនៅជើងភ្នំគូលែន!ដូចដែលយើងធ្លាប់​និយាយថា “តោះ! ទៅញ៊ាំក្តាមនៅកំពត!” រឺ “តោះ! ទៅញ៊ាំនំបញ្ចុកនៅព្រះដាក់!”ដូច្នោះដែរ៕