អភិបាលខេត្ត បើកកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងរកការបើកការិយាល័យ របស់សហគមន៍កសិករ ប្រើប្រាស់ទឹកអាងកំពីងពួយ

AKP បាត់ដំបង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយ ករណីទីតាំងដីដែលបានប្រើប្រាស់ជាការិយាល័យរបស់សហគមន៍កសិករប្រើប្រាស់ទឹកអាងកំពីពួយ ដែលស្ថិតនៅក្បែរសាលាអនុវិទ្យាល័យតាគ្រាម ភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ ប្រសាសន៍ណែនាំដល់សហគមន៍ប្រើប្រាស់ទឹក ត្រូវធ្វើការប្រជុំពិភាក្សាជាមួយសមាជិកសហគមន៍ ដើម្បីធ្វើការសម្រេចជារួម ថាតើត្រូវកំណត់រក្សាទុកដីសម្រាប់ការិយាល័យសហគមន៍ប្រើប្រាស់ទឹកកម្រិតណា ហើយត្រូវការសម្បទានឱ្យសាលាកម្រិតណា ដើម្បីជាប្រយោជន៍សាធារណៈទាំងគ្នានៅក្នុងសហគមន៍របស់ខ្លួន? ។ ក្នុងនាមរដ្ឋបាលខេត្ត ចង់ឱ្យភាគីទាំងសងខាងធ្វើការពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយរួម ពីព្រោះសុទ្ធសឹងជាប្រយោជន៍រួមក្នុងសហគមន៍មូលដ្ឋានរបស់យើងទាំងគ្នា មិនអាចអត់ខាងណាបានមួយឡើយ។

សូមជម្រាបជូនដែលថា ទីតាំងដីដែលបានប្រើប្រាស់ជាសហគមន៍ប្រើប្រាស់ទឹកអាងកំពីងពួយនោះ ស្ថិតនៅក្នុងបញ្ជីសារពើភណ្ឌរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអភិវឌ្ឍ និងតម្រូវការវិសាលភាពនៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងមូលដ្ឋាន ខាងសាលាស្នើសុំដីនោះដើម្បីធ្វើការរៀបចំពង្រីកវិសាលភាពរបស់ខ្លួន និងគ្រោងបង្កើនជាវិទ្យាល័យនាថ្ងៃអនាគតផងដែរ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)