ដែនជម្រកសត្វព្រៃសៀមប៉ាង កំពុងមានសក្តានុពលទេសចរណ៍បែបធម្មជាតិ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៤ កក្ដដា ២០២០


MC៖ ដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង កំពុងមានសក្តានុពលទេសចរណ៍បែបធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរទៅទស្សនាសត្វព្រៃកម្រ និងព្រៃព្រឹក្សាដ៏ខៀវស្រងាត់ ដែលជាចំណីអារម្មណ៍ផ្ដល់ភាពស្រស់ស្រាយសប្បាយក្នុងអារម្មណ៍។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា អាហារដ្ឋានសត្វត្មាតសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង កំពុងតែមានការចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយសារនៅទីនោះមានចំនួនសត្វត្មាតច្រើនដែលជាសត្វកម្រ។លោក បន្តថា ក្រៅពីទស្សនាសត្វត្មាត និងផ្តល់ចំណីឲ្យមានហើយ ភ្ញៀវទេសចរជាតិ-អន្តជាតិ ក៏អាចទស្សនាសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៅតំបន់នោះ ។លោកបន្ថែមថា នៅទីនោះក៏មានកន្លែងស្នាក់នៅ និងផ្តល់សេវាកម្មម្ហូបអាហារ សំរាប់ភ្ញៀវទេសចរដែលទៅកំសាន្តផងដែរ។ លោកបានអំពាវនាវដល់ភ្ញៀវទេសចរដែលមានបំណងដំណើរកំសាន្តនៅខេត្តស្ទឹងត្រែងហើយសូមកុំភ្លេចមកលេងតំបន់នេះ ព្រោះមានទេសភាពស្រស់ស្អាត ជាពិសេសដើម្បីជួយបង្កើតមុខរបបសំរាប់ប្រជាពលរដ្ឋនៅទីនោះផងដែរ។
សំឡេង៖ «ភ្ញៀវទេសចរដែលទៅលេង អាចទស្សនាទិដ្ឋាភាពប្លែក ការផ្តល់ចំណីអាហារដល់សត្វត្មាត ព្រោះសត្វត្មាតឥលូវមានវត្តមាននៅពីរខេត្ត គឺនៅក្នុងស្រុកសៀមប៉ាងស្ថិតខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ប៉ុន្តែនៅក្នុងខេត្តស្ទឹងត្រែងក្នុងស្រុកសៀមប៉ាង គឺមានវត្តមានសត្វត្មាតច្រើនជាងគេ ហើយសត្វនេះបាន ជួយបរិស្ថាន អ្វីដែលយើងនិយាយពីប្រវត្តិរបស់ត្មាតនេះ។ អញ្ជឹងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដែលចង់ស្គាល់ ចង់ស្វែងរកការផ្សារភ្ជាប់ទៅនឹងធនធានធម្មជាតិ ផ្សារភ្ជាប់ទៅនឹងប្រភេទសត្វ។ អញ្ចឹងភ្ញៀវទៅទស្សនានូវសកម្មភាពរបស់សត្វត្មាតដែលកំពុងតែចាប់ចំណី ស៊ីចំណី នៅពេលដែលយើងបានផ្ដល់ឲ្យ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ដែលសហការការគាំទ្រពីអង្គការដៃគូនៅក្នុងតំបន់នោះ»។
លោក បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តស្ទឹងត្រែងមានសត្វត្មាតជាង១០០ក្បាល និងខេត្តព្រះវិហារមានក្នុងរង្វង់ចំនួន៥០ក្បាលទៅ៦០ក្បាល។
សូមបញ្ជាក់ថា សត្វត្មាតជាប្រភេទសត្វកម្រនិងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការផុតពូជ ខណៈចំនួនសត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជាមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ក្នុងកិច្ចសហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារនិងអភិរក្សយ៉ាងណាក៏ដោយ៕