អាជ្ញាធរខេត្តត្បូងឃ្មុំជំរុញដល់កសិករឲ្យចាប់យកមុខរបរចិញ្ចឹមកង្កែបនិងត្រីអណ្តែង

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៤.០៧.២០២០


MC ៖ អាជ្ញាធរខេត្តត្បូងឃ្មុំជំរុញដល់កសិករឲ្យចាប់យកមុខរបរចិញ្ចឹមកង្កែបនិងត្រីអណ្តែង ដើម្បីបង្កើនជីវភាពគ្រួសារ ស្របពេលដែលនៅក្នុងខេត្តមិនទាន់មានការចិញ្ចឹមជាលក្ខណៈកសិដ្ឋានច្រើននៅឡើយ ។អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍………………………….
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ក្នុងស្ថានភាពដែលមានការប៉ះពាល់ជាសកលបង្កដោយជំងឺកូវីដ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចាប់ផ្តើមពង្រីកការចិញ្ចឹមកង្កែប ត្រីអណ្តែង ដល់កសិករជាង៦០០០គ្រួសារនៅទូទាំងប្រទេស ក្រោយពីទទួលបានការគាំទ្រហិរញ្ញប្បទានជាបឋមចំនួនប្រមាណ ជាង៤លាន៦សែនដុល្លារសហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមសកម្មភាពចុះជួយដល់កសិករ ដែលអាចបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ ។
លោកបន្តថា ទាក់ទងទៅនឹងការចិញ្ចឹមត្រីអណ្តែង និងកង្កែប បច្ចុប្បន្ននេះសម្រាប់បច្ចេកទេសគឺកាន់តែមានភាពងាយស្រួលក្នុងការចិញ្ចឹម ដោយសារពីមុន គឺត្រូវជីកស្រះត្រូវការដីធំ តែសំរាប់បច្ចេកទេសថ្មីៗនេះ អាចធ្វើឲ្យកសិករចិញ្ចឹមត្រីឬកង្កែបបាន ទោះមានដីតិចតួចក្តី គឺកសិករប្រើតែតង់ប្លាស្ទិចរៀបពីក្រោម ហើយរៀបចំលើដីរបស់ខ្លួនឯងដែលមានជាក់ស្ដែងនោះ គឺអាចដាក់ត្រីឬកង្កែបចិញ្ចឹមបានហើយ ជាពិសេសកង្កែបមានលក្ខណៈងាយស្រួលចិញ្ចឹមជាងត្រីទៅទៀត ដោយសារត្រូវការទឹកតិចបំផុត ។ លោកបានអំពាវនាវសូមប្រជាពលរដ្ឋដែលមិនទាន់មានមុខរបរពិតប្រាកដ អាចសាកល្បងការចិញ្ចឹមនេះ ដើម្បីបង្កើនប្រាក់ចំណូល ផ្គត់ផ្គង់គ្រួសារ។
សំឡេង៖ សូមអំពាវនាវដល់ប្រជាពលរដ្ឋពិសេសនៅក្នុងខេត្ត គឺមិនត្រូវទុកដីទំនេរចោលនោះឡើយ មានដីតិចតួចក្តីគឺយើងអាចរៀបចំជាអាងដើម្បីចិញ្ចឹមត្រីអណ្ដែងឬក៏ប្រភេទកង្កែប ដែលគិតថាវាងាយស្រួលចិញ្ចឹមជាងគេ ហើយណាមួយក្នុងរដូវនេះគឺជារដូវបិទនេសាទ ចឹងសំរាប់ការនេសាទឧបករណ៍ធំៗ ក្នុងដែននេសាទគឺត្រូវបានហាមឃាត់ ចឹងគឺអាចមិនសូវមានត្រី ចឹងយើងអាចថាចិញ្ចឹមត្រីទៅដើម្បីបំពេញបន្ថែម ដោយបានទុកឪកាសឲ្យត្រីក្នុងទន្លេធម្មជាតិយើងពងកូន ។
លោក គ្រី សុទ្ធធឿន កសិករ នៅ ភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ដែលកំពុងប្រកបរបរចិញ្ចឹមមាន់ភ្ញាស់យកកូន ចិញ្ចឹមមាន់សាច់ ចិញ្ចឹមត្រីអណ្តែងក្នុងអាងប្លាស្ទិក ចិញ្ចឹមកង្កែប និងបណ្តុះផ្សិត បានបញ្ជាក់ថា មុខរបរទាំងអស់នេះ បានជួយលើកស្ទួយជីវភាពគ្រួសាររបស់គាត់ និងមិនចាំបាច់សំណាកស្រុកឡើយ។
សំឡេង ៖ អត្ថប្រយោជន៍ដែលយើងប្រកបមុខរបរទាំងប៉ុន្មានដែលខ្ញុំមាននេះ គឺដើម្បីកាត់បន្ថយការចំណាកស្រុកទៅក្រៅ ដោយសារយើងទៅធ្វើការនៅក្រៅនេះ វាមិនលើសពីយើងធ្វើការឬក៏ប្រកបមុខរបរនៅក្នុងផ្ទះឬក្នុងស្រុករបស់យើងប៉ុន្មាននោះទេ ឲ្យតែយើងប្រាកដថាយើងចាប់មុខរបរច្បាស់លាស់ ព្រោះសំខាន់មនុស្សយើងគឺត្រូវការរបស់ហូបជាប្រចាំថ្ងៃ ដល់ពេលយើងធ្វើមុខរបរនេះ គឺយើងទទួលបានប្រាក់ចំណូលរត់ចូលរាល់ថ្ងៃ ។
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំមានកសិករចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារចំនួនជិត១០០០គ្រួសារ និងកសិករចិញ្ចឹមកង្កែបលក្ខណៈគ្រួសារមានចំនួនជាង៥០គ្រួសារ ៕