សហគមន៍ទេសចរណ៍ទឹកជប់ខ្នារពោធិ៍ស្ថិតនៅក្នុងស្រុកសូទ្រនិគមកំពុងបង្ហាញសម្រស់ព្រៃកោងកាងដើម្បីទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប  ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០

MC.  សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍មានផ្ទៃដីសរុបប្រមាណ ១,០២២ហិកតា ដែលក្នុងនោះមានព្រៃកោងកាងភ្នំចំនួនប្រមាណ ៩០ហិកតាដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តមិនចេះដាច់។

លោកអេង យូ អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាប្រចាំខេត្តសៀមរាបបានរាយការណ៍ឲ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃមានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណពី៦០០ទៅ៧០០នាក់បានអញ្ជើញមកទស្សនាកម្សាន្តនៅសហគមន៍ទេសចរណ៍នេះ។

លោកគង់ ប៊ុនលួស អនុប្រធានសហគមន៍ទេសចរណ៍ទឹកជប់ខ្នារពោធិ៍បានឲ្យដឹងថា ដើម្បីអភិរក្សព្រៃឈើ ចៀសវាងការកាប់បំផ្លាញពីសំណាក់ជនខិលខូចមួយចំនួននៅតំបន់នោះ និងដោយមានកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធ ក្រុមការងារបានបង្កើតឲ្យមាន ជាតំបន់អេកូទេសចរណ៍ ដោយអ្នកជំនាញបចេ្ចកទេសបាន បង្កើត ជាស្ពានឈើ ដើម្បីឲ្យភ្ញៀវបាន ដើរទស្សនាដើមកោងកាង  ដែលប្រជាពលរដ្ឋមួយចំនួនបានឭតែឈ្មោះប៉ុណ្ណោះ។ លោកបន្តថា សហគមន៍ទេសចរណ៍នេះមិនត្រឹមតែមានភាពទាក់ទាញពីដើមកោងកាងនោះទេ គឺមានប្រភពទឹកជប់ និងតំបន់អភិរក្សសត្វព្រៃជាដើមដោយភ្ញៀវទេសចរជាតិអាចទៅទស្សនា ដោយមិនចាំបាច់ទិញសំបុត្រចូលទស្សនាឡើយ។

សំឡេង៖ចុងឆ្នាំ២០១៩យើងសហការណ៍ជាមួយអភិបាលស្រុក ជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរទេសចរណ៍ រដ្ឋបាលព្រៃឈើ មានគោលបំណងចង់អភរក្សព្រៃឈើនេះ  ដោយសារទុកចោល ប្រជាពលរដ្ឋខ្លះនៅមានគំនិតខូចខិលលួចកាប់បំផ្លាញ បើយើងធ្វើជាតំបន់ទេសចរណ៍កាលណាមានភ្ញៀវ មនុស្សច្រើនទៅក៏កាត់បន្ថយ ការកាប់បំផ្លាញរបស់គាត់បាន ខ្ញុំក៏ចាប់ផ្តើមធ្វើស្ពានឈើ និងឲ្យក្រុមការងារធ្វើបន្តរហូត និយាយរួមទៅគឺដើមកោងកាង គឺយើងធ្លាប់លឺតែឈ្មោះ មិនធ្លាប់បានឃើញ លក្ខ័ណនៃការដុះ របស់វាលើទឹកដីគោក ចំណុចទី២គឺ មានប្រភពទឹកជប់ ទឹកចេញមកមិនដែលខះទេ តំបន់នោះ និងសត្វព្រៃយើងកំពុងអភិរក្ស ដើម្បីផ្សាំវា ដោយសារយើងកំពុងចាប់ផ្តើម នៅដើមឆ្នាំ២០២០ ហើយចំណូលទាំងអស់យើងរកបានពីក្បាលសំបុត្រឡាននិងម៉ូតូអីហ្នឹង ការលក់សំបុត្រអីអត់មានទេ។

លោកអនុប្រធានសហគមន៍ទេសចរណ៍ទឹកជប់ខ្នារពោធិ៍ បានសំណូមពរដល់ភ្ញៀវទេសចរណ៍ទាំងអស់ដែលទៅទស្សនា តំបន់ព្រៃកោងកាង សូមចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាន ជាពិសេសការវេចខ្ចប់សំរាមដែលខ្លួនប្រើប្រាស់រួច។

លោកម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគមបានឲ្យដឹងផងដែរថា  សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការណ៍រវាងរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធថ្មីៗនេះដោយមានការជំរុញពីក្រសួងទេសចរណ៍និងអាជ្ញាធរខេត្តផង  បានណែនាំឲ្យមានការផ្សព្វផ្សាយពីសក្តានុពលរបស់តំបន់ទេសចរណ៍មួយនេះ និងត្រូវបង្កើតឲ្យមានហេដ្ឋារចនាសម្ព័នថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួលទៅកាន់ភ្ញៀវទេសចរណ៍។

សំឡេង៖ព្រៃកោងកាងនេះផ្តើមគំនិតដំបូងពីស្រុកនេះឯង បង្ករលក្ខណៈឲ្យសហគមន៍នេះបានធ្វើ ហើយផ្តល់ជាគំនិតឲ្យធ្វើផ្លូវធ្វើអីហ្នឹង ដោយក្នុងព្រៃកោងកាងនេះមានឈើច្រើនប្រភេទណាស់ ក្នុងមានចំការឬស្សីមាន០៣ហិតា ដែលយើងដាំដែលមានអង្គការដៃគូរគេជួយ គ្រាន់តែព្រៃកោងកាងសុទ្ធមាន៩០ហិតា ក្នុងនោះទាំងព្រៃផ្សេងៗទៀតសរុបទាំងអស់១០២២ហិតា អាហ្នឹងយើងនិយាយអំពីក្របខ័ណ្ឌក្នុងព្រៃសហគមន៍ បច្ចុប្បន្ននេះមានការជួយជ្រុំជ្រែងច្រើនណាស់ មិនមានតែរដ្ឋបាលស្រុកទេ ដោយសារមានបញ្ហាជំងឺកូវីដផង មានការព្រួយបារម្មណ៍ពីរដ្ឋាភិបាលពីក្រសួងទេសចរណ៍ ឯកឧត្តមអភិបាលខេត្តផង គាត់មានគំនិតថ្មីមួយទៀត គឺគាត់ទាញយក ភ្ញៀវទេសចរណ៍ជាតិយើងមានការចាប់អារម្មណ៍កន្លែងហ្នឹង ហើយគាត់បានផ្តល់អនុសាសន៍ជាច្រើនឲ្យស្រុកខិតខំ បង្ហាញព័ត៌មាន និងខិតខំកែច្នៃជាមួយមន្ទីរទេសចណ៍ខេត្ត អញ្ចឹងបានជាថ្ងៃមុនចាប់អារម្មណ៍ដល់ឯកឧត្តមបណ្ឌិត ថោងខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍គាត់បានចុះមកដល់ ហើយគាត់ក៏បានជួយធ្វើផ្លូវកន្លែងហ្នឹងប្រមាណជាង៣គីឡូម៉ែត្រថែមទៀត។

គួរំលឹកថា កន្លងឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសអះអាងប្រាប់ប្រជាសហគមន៍ថានឹងជួយអភិវឌ្ឍន៍សហគមន៍នេះឱ្យក្លាយទៅជាសហគមន៍អេកូទេសចរណ៍គំរូមួយនៅខេត្តសៀមរាប។សូមជម្រាបផងដែរថា សហគមន៍ទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយស្ម័គ្រចិត្ត និងមានការឯកភាពគ្នារបស់ប្រជាជនក្នុងភូមិទាំងអស់របស់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងត្រូវបានផ្សព្វផ្សាយដើម្បីឲ្យសាធារណៈជន និងចាប់ផ្តើមមានចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍នៅដើមឆ្នាំ២០២០នេះប៉ុណ្ណោះ។សហគមន៍អេកូទេសចរណ៍នេះមានចំងាយប្រមាណជា៤០គីឡូម៉ែត្រពីទីក្រុងសៀមរាប។