រាជរដ្ឋាភិបាលឯកភាពអនុញ្ញាតឱ្យឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជាៈ អត្ថបទ វ៉ែន សុវុទ្ធី


MC:សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលបានឯកភាពអនុញ្ញាតឱ្យមន្រ្តីរាជការ និងកម្មករនិយោជិត ឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ ហើយណែនាំឲ្យប្រជាពលរដ្ឋនៅតែរក្សាការធ្វើអនាម័យឲ្យបានជាប់ជាប្រចាំដើម្បីការពារជំងឺឆ្លងនានា។
ការប្រកាសនេះធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ អញ្ជើញពិនិត្យពីវឌ្ឍនភាព នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ហើយចាត់ទុកថា ការអនុញ្ញាតឲ្យឈប់ សម្រាកនេះគឺដើម្បីគោរពទៅតាមការសន្យារបស់រាជរដ្ឋាភិបាល។
សម្តេចតេជោបញ្ជាក់ថា ការកំណត់ថ្ងៃឈប់សម្រាកសម្រាប់ពាក់កណ្តាលខែសីហានេះ គឺទុកពេលវេលាឲ្យក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូនអាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែ សីហា ខាងមុខនេះ។
(សំឡេង)ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលឆ្នាំនេះយើងផ្អាកចូលឆ្នាំដោយសារកូវីដកំពុងរាត្បាតអីឡូវដល់ពេលរាជរដ្ឋាភិបាលត្រូវសងវិញ យើងឲ្យឈប់ចូលឆ្នាំធម្មតាតែបីថ្ងៃ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានសន្យាជាមួយប្រជាពលរដ្ឋរបស់យើងថានិងសង៥ថ្ងៃម្សិលមួយថ្ងៃបានអនុម័តជូនហើយសងនៅថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាថ្ងៃទី១៧ទី១៨ទី១៩ទី២០ទី២១ប្រាំថ្ងៃប៉ុន្តែបើគិតបែបនេះប្រជាពលរដ្ឋមន្រ្តីរាជការកម្មករកម្មការិនីឈប់បាន៩ថ្ងៃជាប់គ្នាព្រោះអីយើងឈប់ពីថ្ងៃច័ន្ទ អង្គារ ពុធ ព្រហស្ប សុក្រដល់ថ្ងៃសៅរ៍សម្រាកអាទិត្យសម្រាកអាហ្នឹងវាមិន៧ថ្ងៃចុះមុនមកដល់ថ្ងៃច័ន្ទវាមិនសៅរ៍អាទិត្យដែរចឹងវា៩ថ្ងៃវាល្មមដើរលេងពេញស្រុកខែ្មរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានចេញអនុក្រឹត្យសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយអំឡុងពេលនោះមន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕