អ្នកនាំពាក្យក្រសួងសុខាភិបាល៖ សូមបងប្អូនប្រជាពលរដ្ឋកុំបារម្ភ ខណៈក្រសួងសុខាភិបាលបានត្រៀមកន្លែងសម្រាប់ធ្វើចត្តាឡីស័ក អ្នកដែលមកពីក្រៅប្រទេសគ្រប់គ្រាន់ហើយ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញតេឡេក្រាមថា ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ បានត្រៀមកន្លែងសម្រាប់ធ្វើចត្តាឡីស័ក រាល់អ្នកដំណើរដែលមកពីក្រៅប្រទេសគ្រប់គ្រាន់ហើយ ។

ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន AKP ពាក់ព័ន្ធនឹងការបារម្ភចំពោះការខ្វះកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ថា៖ “ក្រោមការសហការគ្នារវាងក្រសួងសុខាភិបាល និងអាជ្ញាធរដែនដីទូទាំងរាជធានី-ខេត្ត គឺយើងមានកន្លែងសម្រាប់ធ្វើចត្តាឡីស័កគ្រប់គ្រាន់ ដូចជាមជ្ឍមណ្ឌលចត្តាឡីស័កកម្រិត២ នៅវិទ្យាល័យជម្ពូវ័ន្ត ហើយបើក្នុងករណីបន្តកើនឡើងនូវតម្រូវការចត្តាឡីស័កបន្ថែមទៀត នោះយើងនឹងពង្រីកកន្លែងថែមទៀត ដូចជានៅតាមសាលារៀនឯទៀត ខណៈជនបរទេសគឺតម្រូវឱ្យធ្វើការចត្តាឡីស័កនៅតាមសណ្ឋាគារ ដោយឡែកនៅតាមខេត្តវិញក៏យើងមានមជ្ឈមណ្ឌលចត្តាឡីស័កគ្រប់គ្រាន់ហើយដែរ ហើយយើងក៏នឹងធ្វើការបញ្ជូនទៅខេត្តផងដែរ ក្នុងករណីដែលមជ្ឈមណ្ឌលចត្តាឡីស័កនៅរាជធានីភ្នំពេញដាក់ពុំអស់” ។

គួររម្លឹកថា មជ្ឈមណ្ឌលចត្តាឡីស័ក ត្រូវបានរៀបចំឡើងនៅតាមសាលារៀន និងសណ្ឋាគារ ហើយមានចំនួន២កម្រិត គឺកម្រិត១ និងកម្រិត២ ខណៈនៅរាជធានីភ្នំពេញមានមជ្ឈមណ្ឌលនេះ ១០ទីតាំង គឺមាននៅ សួនឧស្សាហកម្មវឌ្ឍនៈ សួនឧស្សាហកម្មវឌ្ឍនៈ២ សួនឧស្សាហកម្មកាណាឌីយ៉ា អនុវិទ្យាល័យគោកបញ្ជាន់ វិទ្យាល័យជម្ពូវ័ន្ត អនុវិទ្យាល័យដង្កោ វិទ្យាល័យភ្នំពេញថ្មី តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាលាបឋមសិក្សាភូមិឫស្សី និងនៅវិទ្យាល័យឫស្សីកែវ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន០៩នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យករណីឆ្លងសរុបនៅព្រះរាជាណាចក្រកម្ពុជា គិតត្រឹមព្រឹកថ្ងៃនេះ បានកើនឡើងរហូតដល់ ១៦៥នាក់ និងព្យាបាលជាសះស្បើយមានចំនួន ១៣៣នាក់ ហើយរាល់ករណីរកឃើញចុងក្រោយនេះ គឺជាការនាំចូលពីក្រៅប្រទេសទាំងអស់៕

ដោយ៖ផែន រតនៈ