រាជរដ្ឋាភិបាលនឹងលុបបំបាត់ការក្លែងបន្លំ អត្តសញ្ញាណបណ្ណដើម្បីបានស្លាកលេខភ្នំពេញ

វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា ១៤ ០៧ ០២០


MC៖រាជរដ្ឋាភិបាល នឹងលុបបំបាត់ការក្លែងបន្លំ អត្តសញ្ញាណបណ្ណ ដើម្បីបានស្លាកលេខភ្នំពេញ ដែលពិបាកក្នុងការគ្រប់គ្រងទ័ន្នន័យដើម។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្តរបស់ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រក ខណ្ឌ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារប្រជុំពិភាក្សាគ្នារៀបចំនីតិវិធី និងបែបបទ ដើម្បីចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងដំណើការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត និងបានស្នើឱ្យក្រុមហ៊ុនព័ត៌មានវិទ្យារិះរកបច្ចេកវិទ្យាទប់ស្កាត់ការក្លែងបន្លំឯកសារ។
ឯកឧត្តមបានស្នើសុំការគាំទ្រពីសម្ដេចក្រឡាហោម ពិនិត្យលទ្ធភាពភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយប្រព័ន្ធអនឡាញគ្រប់គ្រងអត្តសញ្ញាណបណ្ណរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការក្លែងបន្លំឯកសារអត្តសញ្ញាណបណ្ណពេលស្នើសុំចុះបញ្ជីយានយន្តពីព្រោះកន្លងមកមានអ្នកក្លែងបន្លំ អត្តសញ្ញាណបណ្ណដើម្បីបានស្លាកលេខភ្នំពេញរបស់យានយន្តហើយមន្រ្តីក៏ជួបការលំបាកដោយសារមិនមានទិន្នន័យដើមផ្ទៀងផ្ទាត់។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឯកភាពតាមសំណើរក្នុងការភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងទាំងពីរ ដើម្បីបញ្ចៀសការក្លែងបន្លំឯកសារអត្តសញ្ញាណបណ្ណពេលស្នើសុំធ្វើផ្លាកលេខទោចក្រយានយន្ដ។
សូមបញ្ជាក់ថាបច្ចុប្បន្ន ការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត នៅការិយាល័យច្រកចេញចូលតែមួយមានចំនួន៥២ការិយាល័យ។ គិតចាប់ពីខែមករាឆ្នាំ២០១៧មក ការិយាល័យបានចុះបញ្ជីទោចក្រយានយន្តជាង៥៤ម៉ឺនគ្រឿង និងសេវាផ្សេងៗទៀត សរុបជាង៥៦ម៉ឺនគ្រឿង និងបានរកឃើញភាពមិនប្រក្រតី ដូចជាការប្រើអត្តសញ្ញាណបណ្ណមិនត្រឹមត្រូវ និងការក្លែងបង្កាន់ដៃបង់ពន្ធដើម៕