កម្ពុជាប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសនៃការអភិវឌ្ឍវិស័យកសិកម្មជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ១៤.៧.២០២០


MC៖សម្តេចតេជោ មានប្រសាសន៍ថាទោះបីស្ថិតក្នុងដំណាក់វិបត្តិជំងឺកូវីដ១៩ក៏ដោយ ក៏កម្ពុជាបានប្រែក្លាយវិស័យកសិកម្មទៅជាឱកាសនិងជាឧត្តមភាពសម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ និងផ្គត់ផ្គង់តម្រូវ ការហូបចុករបស់ប្រជាពលរដ្ឋ ។
ក្នុងឱកាសអញ្ជើញពិនិត្យពីវឌ្ឍនភាព នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្ប កម្មទឹកសាប និងជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា ក្នុងពេលពិភពលោកក៏ដូចជាកម្ពុជាជួបនូវវិបត្តិនៃជំងឺកូវីដ១៩ វិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលមើលឃើញជាឱកាសដ៏សំខាន់មួយសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ច ដោះស្រាយបញ្ហាអត់ការងារធ្វើ និងជួយដោះស្រាយការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋ ។ សម្តេចតេជោ បានជំរុញឱ្យក្រសួងពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ ឱ្យប្រែក្លាយបញ្ហាដែលបង្កដោយជំងឺកូវីដ១៩នេះ ទៅជាឱកាសមួយសម្រាប់ការកែប្រែ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ។
សំឡេង៖« ឥឡូវចំណុចខ្លាំងរបស់កម្ពុជានៅតែមានសក្តានុពុលកាន់តែខ្លាំង ដីប្រមាណជាង ៤ លានហិកតា ទាំងចម្ការទាំងស្រូវ យើងនៅធ្វើការដាំដុះបាន យើងអាចមានផលប៉ះពាល់ទៅលើច្រកកៅស៊ូ ក៏ប៉ុន្តែខ្ញុំរំពឹងថា ការនាំចេញស្រូវ ការនាំ ចេញស្វាយចន្ទី និងការនាំចេញប្រភេទស្បៀង គឺនៅតែមានកំណើន នៅមានតម្រូវការ ពិភពលោកនៅតែត្រូវការ។ចឹងទេបានជាយើង ត្រូវបង្វិលទិសឆាប់រហ័សដើម្បីជំរុញវិស័យកសិកម្មរបស់យើងឲ្យទៅជាឱកាសឲ្យក្លាយទៅជាឱកាស ពីវិបត្តិ covid-19 នេះ ឲ្យក្លាយទៅជាឱកាសវិស័យកសិកម្ម ដែល វិស័យកសិកម្មនេះ ប្រជាជនរបស់យើង មានអត្រារហូតដល់ ៨០ភាគរយ ដែលធ្វើក្នុងវិស័យកសិកម្ម»។