រាជរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំការប្រកួតវាយកូនហ្គោល តែត្រូវការពារជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៤ ០៧ ២០២០


MC: រាជរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំការប្រកួតវាយកូនហ្គោល តែត្រូវរក្សាគោលការណ៍ការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ម្ចាស់ និងអ្នកគ្រប់គ្រងទីលានវាយកូនគោល អាចរៀបចំជាព្រឹត្តិការណ៍ ឬការប្រកួតដណ្តើមពានរង្វាន់កីឡាវាយកូនគោលឡើងវិញជាជំហានៗ
ប៉ុន្តែមិនអនុញ្ញាតឱ្យមានចំនួនកីឡាករ និងគណៈកម្មការរៀបចំការប្រកួតច្រើនលើសពី ១០០នាក់ ក្នុងពេលតែមួយ និងមិនអនុញ្ញាតឱ្យមានទស្សនិកជន។
ជាមួយគ្នានេះ រាល់ការរៀបចំព្រឹត្តិការណ៍ និងការប្រកួតត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ដូចជាបាញ់ទឹកអាល់កុលសម្លាប់មេរោគនៅច្រកចូល និងត្រួតពិនិត្យកម្តៅបុគ្គលិកបម្រើការ កីឡាករ មុនអនុញ្ញាតឱ្យចូលក្នុងបរិវេណទីលានវាយកូនគោល និងត្រូវរក្សាគម្លាតសុវត្ថិភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងតិច១៥០ម៉ែត្រ និងធ្វើការសម្អាតសម្ភារៈឧបករណ៍វាយកូនគោលទាំងអស់ជាមួយទឹកអាល់កុលជាប្រចាំ មុនពេល អំឡុងពេល និងក្រោយពេលប្រើប្រាស់ ដើម្បីសម្លាប់មេរោគ និងហាមចាប់ដៃស្វាគមន៍ ដោយជំនួសការលើកដៃសំពះគ្នាទៅវិញទៅមក។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ក៏បានណែនាំឱ្យបុគ្គលិកបម្រើការទាំងអស់ ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ គ្រប់ពេលវេលា និងធ្វើការត្រួតពិនិត្យ ជូតសម្អាតសម្ភារៈឧបករណ៍វាយកូនគោលទាំងអស់ ជាមួយទឹកអាល់កុលមុនពេលដាក់ចូលទៅក្នុងរថយន្តវាយកូនគោល (Golf Cart)។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា រាល់ទីលានវាយកូនគោល ត្រូវអនុវត្តតាមវិធាន និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ រលកទី២៕