ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិច្រានចោលសារជាថ្មីម្តងទៀត ចំពោះដំណោះស្រាយរបស់រុស្ស៊ីស្តីពីជំនួយឆ្លងកាត់ព្រំដែនសម្រាប់ប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០​ — លោក Christoph Heusgen ប្រេសិតរបស់ប្រទេសអាល្លឺម៉ង់ប្រចាំនៅអង្គការសហប្រជាជាតិដែលជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនៅក្នុងខែកក្កដា បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតសារជាថ្មីម្តងទៀត ដើម្បីបដិសេធសេចក្តីព្រាងដំណោះស្រាយរបស់រុស្ស៊ីស្តីពីការផ្តល់ជំនួយអន្តរជាតិដល់ប្រទេសស៊ីរី តាមរយៈច្រកតែមួយនៅតាមព្រំដែនជាមួយប្រទេសតួកគី។

សេចក្តីព្រាងដំណោះស្រាយនេះទទួលបានសំឡេងបដិសេធចំនួន ៧សំឡេង និងសំឡេងគាំទ្រចំនួន ៤សំឡេង និងសំឡេងអនុបវាទចំនួន ៤សំឡេង។

ប្រភពពីអង្គការសហប្រជាជាតិបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ឯកសារនេះត្រូវបាន គាំទ្រដោយប្រទេសរុស្ស៊ី ចិន វៀតណាម និងអាហ្វ្រិកខាងត្បូង។ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង បែលហ្ស៊ិក អាល្លឺម៉ង់ សាធារណរដ្ឋដូមីនីកែន និង អេស្តូនៀ បានបោះឆ្នោតប្រឆាំង ខណៈដែលប្រទេសឥណ្ឌូណេស៊ី នីហ្សេរីយ៉ា សាំងវ៉ាំងសង់ និង ហ្គ្រីណាឌីន និង ទុយនីស៊ី បានបោះឆ្នោតអនុបវាទ។

នៅពេលមុននេះ អនុប្រេសិតទីមួយរបស់រុស្ស៊ីនៅអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយថា ដំណោះស្រាយថ្មីរបស់រុស្ស៊ីនេះនឹងអនុញ្ញាតឱ្យមានការបញ្ជូនជំនួយមនុស្សធម៌ឆ្លងដែនទៅខេត្ត Idlib នៅក្នុងប្រទេសស៊ីរីតាមរយៈចំណុចឆ្លងកាត់ Bab-el-Hawa រយៈពេលមួយឆ្នាំ។ អ្នកការទូតរុស្ស៊ីរូបនេះបាននិយាយបន្ថែមថា «ការឆ្លងកាត់ព្រំដែននេះមានចំនួនជាង ៨៥ភាគរយនៃបរិមាណប្រតិបត្តិការសរុប»។

ទីក្រុងមូស្គូបានពន្យល់អំពីភាពចាំបាច់ដើម្បីកាត់បន្ថយជាបណ្តើរៗ នូវយន្តការនៃការបញ្ជូនឆ្លងដែនទៅកាន់ប្រទេសស៊ីរីតាមរយៈការផ្លាស់ប្តូរស្ថានភាពនៅនឹងកន្លែង។ នៅពេលដែលរដ្ឋាភិបាលស៊ីរីទទួលបានការគ្រប់គ្រងទៅលើតំបន់កាន់តែច្រើនឡើងៗ ជំនួយអន្តរជាតិដល់តំបន់ទាំងនោះអាចត្រូវបានប្រគល់ជូនដោយមានការសម្របសម្រួលជាមួយទៅក្រុង Damascus និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

កាលពីថ្ងៃសុក្រ ប្រទេសរុស្ស៊ី នឹងចិនបានធ្វើវេតូអនុម័តទៅលើសេចក្តីព្រាងដំណោះស្រាយដែលសហនិពន្ធដោយអាល្លឺម៉ង់ និង ប៊ែលហ្សិក ដែលចែងអំពីការពង្រីកការបញ្ជូនជំនួយឆ្លងកាត់ទីក្រុង Damascus និងស្នើឱ្យមានការឆ្លងកាត់ព្រំដែនចំនួនពីរសម្រាប់គោលបំណងនេះ ដោយអាចនឹងមានលទ្ធភាពក្នុងការបើកច្រកទីបីបន្ថែមទៀត៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)