ក្រុមអ្នកតវ៉ាសេដ្ឋកិច្ចប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅទីក្រុង Tel Aviv

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០​ — ការតវ៉ាដ៏ធំមួយបានផ្ទុះឡើងនៅរដ្ឋធានីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ដោយសារតែពលរដ្ឋមិនពេញចិត្តនឹងរដ្ឋាភិបាល ដោយពួកគេបាននិយាយថា រដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។

យោងតាមកាសែតហ្ស៊េរុសាឡិមប៉ុស្តិ៍បានឱ្យដឹងថា នៅពេលការជួបជុំតវ៉ាមួយកាលពីថ្ងៃសៅរ៍ជិតបញ្ចប់ ក្រុមអ្នកតវ៉ាបានបិទផ្លូវមួយចំនួននៅតំបន់ Rabin Square ។ ការប៉ះទង្គិចគ្នាបានកើតឡើងនៅកន្លែងជាច្រើន រួមមានផ្លូវ Ibn Gabirol ផ្លូវ Rothschild Boulevard និងផ្លូវបំបែក Azrieli ។

ដោយសារតែវិធានការដែលធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ បានធ្វើឱ្យអាជីវកម្មខ្នាតតូចទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុត ព្រោះថា ពួកគេត្រូវបិទទ្វាររហូតដល់សេដ្ឋកិច្ចបើកដំណើរការឡើងវិញទាំងស្រុង។ មនុស្សផ្សេងទៀតក៏បានបាត់បង់ការងាររបស់ពួកគេ។

រដ្ឋាភិបាលអ៊ីស្រាអែលបានបន្ធូរបន្ថយការរឹតត្បិតដោយសារជំងឺកូវីដ-១៩ នៅក្នុងខែឧសភា ដោយសារករណីឆ្លងថ្មីប្រចាំថ្ងៃបានចាប់ផ្តើមធ្លាក់ចុះ ប៉ុន្តែបានបង្កើតឡើងវិញខ្លះៗនៅពេលថ្មីៗនេះដោយសារចំនួននៃការឆ្លងមេរោគថ្មីប្រចាំថ្ងៃបានចាប់ផ្តើមកើនឡើងជាថ្មីម្តងទៀត៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)