រដ្ឋមន្ត្រីក្រសួងព័ត៌មានណែនាំឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ត្រូវតែបន្ដផ្សាយ «កម្មវិធីបច្ចេកទេស កសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ» ឲ្យបានកាន់តែទូលំទូលាយ

វិទ្យុជាតិកម្ពុជា: លោកស្រី ប៉ុង សុភាវី  ១៣ កក្ដដា ២០២០

MC រដ្ឋមន្ត្រីក្រសួងព័ត៌មានណែនាំឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ត្រូវតែបន្ដផ្សាយ «កម្មវិធីបច្ចេកទេស កសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ» ឲ្យបានកាន់តែទូលំទូលាយដើម្បីឲ្យប្រជាកសិករបានយល់ដឹងពីការធ្វើកសិកម្មតាមបច្ចេកវិទ្យាថ្មី និងអាចរកប្រាក់ចំណូលបានច្រើន។

      ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០២០ របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន  នៅថ្ងៃទី១៣ ខែកក្កដានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយ អោយបន្តផ្សាយបានកាន់តែទូលំទូលាយបន្ថែមទៀតនូវ «កម្មវិធីបច្ចេកទេស កសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ»ហៅកាត់ថា អាស់ស្ពាយ (ASPIRE) ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងតែធ្វើសកម្មភាពយ៉ាងផុលផុសទាក់ទងនឹងការអភិវឌ្ឍ វិស័យកសិកម្មនៅកម្ពុជា ដើម្បីអោយប្រជាកសិករបានយល់ច្បាស់បន្ថែមទៀត។ 

 ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកដែរថា កិច្ចការងារនេះ គឺថ្នាក់ដឹកនាំក្រសួងព័ត៌មាន ត្រូវតែមាន ការយល់ច្បាស់នូវកម្មវិធីនេះ នៅពេលដែលចុះទៅតាមតំបន់មូលដ្ឋាននានា អាចពន្យល់ដល់ ប្រជាពលរដ្ឋ ពិសេសប្រជាកសិករបានយល់ច្បាស់ ដើម្បីធ្វើកសិកម្មបែបថ្មីអោយទទួលបាន ទិន្និផលខ្ពស់ និងលើកកំពស់ជីវភាពបានកាន់តែល្អប្រសើរ។

  តាមរយៈកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍នេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើក ទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ផ្នែកពាក់ពន្ធ័ បន្តអនុវត្តន៍អោយបាន នូវផែនការនិង សកម្មភាពការងារនានា របស់ក្រសួង ព័ត៌មាន ទទួលខុសត្រូវ  ហើយធ្វើកិច្ច សហការល្អ ជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីពន្លឿនការងារឲ្យកាន់តែមានប្រសិទ្ធភាព៕