កាកបាទក្រហមកម្ពុជា ផ្តល់អណ្តូងស្នប់ចំនួន ២៥អណ្តូង ជូនដល់ពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលនៅស្រុកចំនួនពីរ ក្នុងខេត្តមណ្ឌលគិរី

វិទ្យុជាតិកម្ពុជា ៖ ស៊ីផុន ហ៊ុងគ្រី ខេត្តមណ្ឌលគិរី


MC៖ កាកបាទក្រហមកម្ពុជា ផ្តល់អណ្តូងស្នប់ចំនួន ២៥អណ្តូង ជូនដល់ពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលនៅស្រុកចំនួនពីរ ក្នុងខេត្តមណ្ឌលគិរី ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋមាន ប្រភពទឹកប្រើប្រាស់ប្រាស់ប្រចាំថ្ងៃ។
អណ្តូងទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន ២៥អណ្តូង ដែលជាអំណោយដ៏ថ្លែថ្លារបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ត្រូវផ្តល់ជូនប្រជាពលរដ្ឋកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់នៅស្រុកកែវសីមា និងស្រុកកោះញែក នៃខេត្តមណ្ឌលគិរី។ អណ្តូងទឹកទាំងនេះ ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាងបានមានប្រសាសន៍ថា អណ្តូងទឹកស្អាតនេះជាសមិទ្ធិផល ដ៏ថ្លៃថ្លាដែលជួយដោះស្រាយការការលំបាករបស់ប្រជាពលរដ្ឋដែលខ្វះទឹក អាចមានទឹកប្រើប្រាស់គ្រប់ គ្រាន់តាមតម្រូវការ។ ឯកឧត្តមអភិបាលខេត្តក៏ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សាអណ្ដូងទឹកស្អាតឱ្យបានប្រើប្រាស់យូរអង្វែង និងត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំឱ្យកើតជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ១៩។
ឯកឧត្តមក៏បាននាំយកអំណោយមនុស្សធម៌មួយចំនួន ផ្តល់ជូនជនចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ គ្រួសារក្រីក្រសរុប៤៩គ្រួសារ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ អាវយឺត ឃីត ១កញ្ចប់ និងសម្ភារការពារមេរោគកូវីដ១៩។
ក្រោយពីទទួលបានសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ប្រជាពលរដ្ឋ មានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏ដូចជា ឯកឧត្តម ស្វាយ សំអ៊ាង ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
សូមបញ្ជាក់ថា អណ្តូងទឹកស្អាត ដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលបានពីថ្នាក់កណ្តាល គិតចាប់ពីឆ្នាំ២០១១ មកដល់ឆ្នាំ២០២០ សរុបចំនួន ១៣១អណ្តូង ក្នុងនោះ នៅឆ្នាំ២០២០ មានចំនួន ២៥អណ្តូង លើកទី១. មានចំនួន ១៣អណ្តូង លើកទី២. ១២អណ្តូង មានប្រជាពលរដ្ឋទទួលផលសរុបចំនួន ៤៣៣គ្រួសារ ស្មើនឹង១,៨៤៧នាក់៕